ប្រទះឃើញសាកសពបុរសពីរនាក់ បានស្លាប់យ៉ាងសោកសៅនៅកណ្តាលព្រៃ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ សាកសពបុរសពីរនាក់ រួមទាំងសត្វសុនខមួយក្បាល ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអណោចអធម ក្នុងសភាពហើមស្អុយ នៅក្បែរគោយន្តកន្ត្រៃមួយគ្រឿង ដែលមានប្រក់តង់កៅស៊ូតង់មួយផង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ នៅកណ្តាលព្រៃរបោះមួយ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា ការស្លាប់របស់បុរសទាំងពីរនាក់ខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។ សាកសពបុរសទាំងពីរ និងសត្វសុនខមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងសភាពហើមស្អុយ គ្រាដែលបុសជាកសិករនៅក្នុងមូលដ្ឋាននោះ បានដើរទៅកាត់បង្គោលរបងនៅឯព្រៃ ទីដែលជនរងគ្រោះស្លាប់ នៅចំណុចភ្នំដុងខួង ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន និងក្រោយពីបានជួបហេតុការណ៍នេះ បុរសជាកសិករ ក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដែរ។

មន្ត្រីសមត្ថកិច្ច និងគ្រូពេទ្យនៅក្នុងមូលដ្ឋាននោះ ក្រោយពីទទួលបានការរាយការណ៍នោះភ្លាម ក៏ប្រញ៉ាប់ចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព បន្ទាប់ពីពិនិត្យរួច ក៏បានធ្វើការសន្និដ្ឋានថា សាកសពជនរងគ្រោះ បានស្លាប់ដោយសាររន្ទះបាញ់ ព្រោះត្បិតនៅកន្លែងកើតហេតុ គេបានសង្កេតឃើញដើមឈើ ១ដើម បានរយះរហែកជាពីរ និងនៅកន្លែងកើតហេតុ គេបានឃើញ គោយន្តកន្ត្រៃ ១គ្រឿង និងម៉ាស៊ីនត្រង់ស៊ីន័រ ១គ្រឿង ផងដែរ។

សាកសពជនរងគ្រោះ ត្រូវគេស្គាល់  ១.ឈ្មោះ ផល្លី វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ និង២.ឈ្មោះ ឡុត ស៊ីសុក្រ ភេទប្រុស អាយុ ៣០ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ មានមុខរបរជាកសិករ រស់នៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ S/B