កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្ត៤ ជាប់តំបន់ព្រៃឡង់ ឃាត់ខ្លួនមនុស្ស ១២នាក់ រឹបអូសឈើបានជាង ៣០០ម៉ែត្រគូប រួមទាំងឧបករណ៍បម្រើឲ្យការកែច្នៃឈើមួយចំនួនទៀត

0

ខេត្តក្រចេះ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងអាវុធហត្ថ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្ត ៤ ដែលមាននៅជាប់នឹងដែនជម្រកសត្វព្រៃ ព្រៃឡង់ ហើយបានចាប់ខ្លួនមនុស្ស ១២នាក់ និងរឹបអូសបានឈើជាង ៣០០ម៉ែត្រគូបត្រីគុណ។ ប្រតិបត្តិការនោះបានធ្វើឡើង ចាប់ពីថ្ងៃទី២៥មេសា ដល់ថ្ងៃទី២៧មេសា២០២៣ ដោយផ្តើមចេញពីទឹកដីខេត្តក្រចេះ។

យោងសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា២០២៣ កម្លាំងអាវុធហត្ថ បានរឹបអូសឈើសរុប ៣២៨.០៧១ម៉ែត្រគូប ក្នុងនោះ ឈើហ៊ុបមូល ១៨២កំណាត់ ស្មើនឹង២២៧.៩៥៥ម៉ែត្រគូប, ឈើប្រភេទលេខ១ សរុប ២២៤ដុំ ស្មើនឹង៦៣.៦៧២ម៉ែត្រគូប, ឈើប្រភេទលេខ២ ចំនួន ៩០៨សន្លឹក ស្មើនឹង៣៥.២៧៧ម៉ែត្រគូប, សសរ ៨ដើម ស្មើនឹង៣.២០១ម៉ែត្រគូប និងកូនឈើចម្រុះ១៣ដើម។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដ៏សស្រាក់សស្រាំនេះ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ១២នាក់, ដកហូតរថយន្ដសណ្ដោងរ៉ឺម៉ក់ ៧គ្រឿង, គោយន្ដកន្ដ្រៃ ១៣គ្រឿង, ម៉ូតូ១គ្រឿង, ប្រេងសាំង ៣០លីត្រ, រណាយន្ដ ៥គ្រឿង និងកៅឡាក់ ១៤គ្រាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅខេត្តចំនួន៤ រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងក្រោយបង្ក្រាប ទាំងវត្ថុតាង សម្ភារៈ និងជនដែលពាក់ព័ន្ធ ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨មេសានេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅខេត្តក្រចេះ ជាមួយកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ កិច្ចប្រជុំនេះផ្តោតសំខាន់ ដើម្បីអនុវត្ដបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។

នៅពេលថ្មីៗកន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបញ្ជាឲ្យកម្លាំងអាវុធហត្ថ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដោយភ្ជាប់ជាមួយអាវុធគ្រប់ដៃ និងអាចប្រើប្រាស់រថពាសដែកផងដែរ បើសិនក្រុមជនល្មើសប្រឆាំង តបតជាមួយកម្លាំងសមត្ថកិច្ច ក្នុងកំឡុងពេលអនុវត្តបទបញ្ជា ចុះបង្ក្រាបបទល្មើសព្រៃឈើនេះ៕ដោយ៖ឡុង សំបូរ