សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ រឹបអូសឈើជ្រុង ១១កំណាត់ និងគោយន្តកន្ត្រៃមួយគ្រឿង

0

ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមកិច្ចសហការជាមួយ កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី៣០មេសា២០២៣ រឹបអូសឈើអារជ្រុងប្រភេទលេខ១ បាន ១១កំណាត់ និងគោយន្តកន្ត្រៃ ១គ្រឿង នៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។

ប្រតិបត្តិការនេះ បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ពីមេបញ្ជាការការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដោយមានការចូលរួមពី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង រួមទាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ផងដែរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការដែលបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ(២៩-៣០មេសា២០២៣) កន្លងទៅនេះ គឺនៅថ្ងៃ៣០មេសា២០២៣ នៅចំណុចស្រែចាស់ ស្ថិតក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន កម្លាំងសមត្ថកិច្ចបង្ក្រាប និងដកហូតបានឈើប្រភេទលេខ១ ចំនួន ៦កំណាត់ ស្មើ ០,៥៤០ម៉ែត្រត្រីគុណ ក្នុងនោះ ដើមឈើរាំង ៤កំណាត់ ឈើឈ្លិក ១កំណាត់ និងឈើត្រាច ១កំណាត់។

ដោយឡែក ប្រតិបត្តិការនៅថ្ងៃទី២៩មេសា២០២៣ កម្លាំងសមត្ថកិច្ចបានប្រទះឃើញ គោយន្តកន្ត្រៃ ១គ្រឿង ដឹកជញ្ជូនឈើអារ ឈើផ្ចឹក ប្រភេទឈើលេខ១ ចំនួន ៥កំណាត់ ស្មើ០,៧២០ម៉ែត្រត្រីគុណ សមត្ថកិច្ចបានចាប់យកវត្ថុតាង ចំណែក ជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។ ការបង្ក្រាបនេះ បានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងស្រុកពីរ គឺស្រុកជ័យសែន និងស្រុករវៀង។

ក្រោយការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានប្រគល់វត្ថុតាងឈើ និងគោយន្តកន្ត្រៃ ជូនមន្រ្តីបរិស្ថានប្រចាំការដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្នាក់ការពើក ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖ឡុង សំបូរ