K D
សៀនរាប៖ ស្ពានកំពង់ក្ដី ឬស្ពានប្រាប់ទិស ដែលអ្នកស្រុកនិយមហៅថាស្ពាននាគគឺជាស្ពានបុរាណដែលវែងនិងនៅគង់វង្សល្អជាងគេ ក្នុងចំណោមស្ពានបុរាណដែលមាននៅទូទាំងប្រទេសកម្ពុជា។
ស្ពានបុរាណ ដែលមានចម្លាក់ក្បាលនាគនៅអមសងខាងទាំងទិសខាងលិចនិងទិសខាងកើតមួយនេះ ស្ថិតនៅឃុំ
កំពង់ក្តី ជាទីប្រជុំជននៃស្រុកជីក្រែងដែលមានចម្ងាយប្រហែល៦០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមផ្លូវជាតិលេខ៦។
តាំងតែពីសម័យបុរាណនិងបន្តរហូតមកមកដល់បច្ចុប្បន្ននេះ ក្រុមអ្នកស្រុកនិងប្រជាពលរដ្ឋ ដែលមានដើមកំណើតនៅឃុំកំពង់ក្តី មានជំនឿយ៉ាងមុតមាំថាស្ពាន កំពង់ក្តីឬក៏ស្ពានប្រាប់ទិស គឺមានបារមីដ៏ខ្លាំងពូកែ ដែលមិនអាចឱ្យអ្នកណាមកបំផ្លាញបានទេ បើទោះបីជាប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣០ឆ្នាំកន្លងមកក៏ដោយ។
ព្រះភិក្ខុបវរវិជ្ជា ទេព ភឿន ជាព្រះវិន័យធម្មខេត្តសៀមរាប ជាព្រះអនុគណស្រុកជីក្រែងនិងជាព្រះគ្រូចៅអធិការវត្តបុព្វទិសារាមហៅវត្ត(កំពង់ក្តី)មានព្រះថេរៈដិការឱ្យដឹងថាស្ពានបុរាណកំពង់ក្តីនេះ មានបារមីខ្លាំងពូកែណាស់ មិនអាចបុគ្គលណាចូលទៅបំផ្លាញបានទេ។ ព្រះបញ្ជាក់ទៀតថាកាលពីប្រទេសខ្មែរ នៅមានសង្គ្រាម គឺកងទ័ពព្រៃ មានខ្មែរក្រហម និងកងទ័ពប៉ារ៉ាជាដើម តែងធ្វើការវាយប្រហារចូលមកក្នុងទីប្រជុំជនស្រុកជីក្រែងជាច្រើនលើកច្រើនសារ ហើយពួកគេតែងប៉ុនប៉ងចូលទៅដាក់រំសេវផ្ទះ ឬក៏ដាក់គ្រាប់មីនដើម្បីបំផ្លាញស្ពានបុរាណនេះចោល ក៏ប៉ុន្តែរាល់ការប៉ុនប៉ងបំផ្លាញស្ពានបុរាណនេះ ក្រុមទ័ពព្រៃមិនអាចសំរេចទៅបានឡើយ។
ព្រះភិក្ខុបវរវិជ្ជា ទេព ភឿនបញ្ជាក់ថាតាមអតីតមន្ត្រីស្រុកជីក្រែងនិងប្រជាពលរដ្ឋធ្លាប់ប្រាប់ព្រះអង្គ គឺស្ពាននាគកំពង់ក្តីនេះ មានបារមីរបស់លោកតាគង់ ដែលជាម្ចាស់ស្ពាននៅចាំថែរក្សាការពារជាយូរមកហើយ។
ចាស់ព្រឹទ្ធាចារ្យជាច្រើន ដែលមានកំណើតនៅឃុំកំពង់ក្តី បានអះអាងប្រហាក់ប្រហែលគ្នានិងព្រះភិក្ខុបវរវិជ្ជា ទេព ភឿនដែរ។
មេភូមិ ត្រាច់ថ្មី លោក មាស ឃាង មានប្រសាសន៍ថាបារមី ដែលនៅថែរក្សាស្ពានបុរាណកំពង់ក្តីនេះ មាន៣រូប គឺលោកតាគង់ លោកតាសំរោង និងលោកតាស្រកានាគ ហៅតាមុខរាហ៍។បារមីអ្នកតាទាំងបីនេះ គឺខ្លាំងពូកែណាស់ ដោយនៅថែរក្សាស្ពានបុរាណកំពង់ក្តី តាំងពីសម័យសង្រ្គាមរវាងសម័យសាធារណរដ្ឋខ្មែរ ច្បាំងជាមួយពួកខ្មែរក្រហម រហូតដល់សម័យរដ្ឋកម្ពុជាច្បាំងជាមួយកងទ័ពព្រៃ ចលនាត្រីភាគីទៀត គឺកងទ័ពព្រៃ មិនអាចចូលទៅបំផ្លាញស្ពាននោះបានឡើយ បើទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយ។
លោក គឹម ប៊ន ដែលជាចាស់ព្រឹទ្ធាចារ្យនៅភូមិត្រាចថ្មី ក៏បានអះអាងដូចគ្នានិងលោក មាស ឃាង ដែរ។
ដោយសារតែអ្នកឃុំកំពង់ក្តី មានជំនឿទៅលើបារមីអ្នកថែរក្សាស្ពានកំពង់ក្តីថាសិក្តិសិទ្ធនិងខ្លាំងពូកែនេះ ហើយ ទើបបច្ចុប្បន្ន បើទោះជាមានពិធីផ្សេងៗ ដូចជារៀបចំកាកូនក្តី ពិធីបុណ្យចូលឆ្នាំក្តីនិងពិធីបួងសួងសុំសេចក្តីសុខក្តី គឺពួកគេតែងទៅធ្វើនៅគល់ស្ពានកំពង់ក្តីផងនិងនៅឯទីទួល ដែលជាកន្លែងខ្ទមអ្នកតាផង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ។
ស្ពានបុរាណកំពង់ក្តី សង់អំពីថ្មបាយក្រៀមមានបណ្ដោយ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់១០ម៉ែត្រពីបាតស្ទឹង ព្រមទាំងមានសសរចំនួន២០និងរន្ធត្រដេវចំនួន ២១។
ក្រុមអ្នកស្រាវជ្រាវ បានសន្និដ្ឋានដោយផ្អែកលើសិល្បៈចម្លាក់ នៅលើបង្កាន់ដៃនាគនិងថ្មគោលចំនួន៤ គេអាចដឹងថាវាអាចជាសិល្បៈក្នុងសម័យបាយ័ន។
ជនជាតិបារាំងម្នាក់ឈ្មោះលោកអេជែន អៃម៉ូនញ៉េ បានសរសេរទុកជាឯកសារក្នុងឆ្នាំ១៩០០ថាស្ពានកំពង់ក្ដី នេះគឺជាស្ពានបុរាណ ឈ្មោះផ្សេងទៀតដូចជាស្ពានព្រះទិស(Spéan Preah Phtœûs)និងស្ពានប្រាប់ទិស (Spéan Prâp Tœûs)។
បច្ចុប្បន្ន ដោយសារមានស្ពានថ្មីសម្រាប់ឱ្យធ្វើចរាចរណ៍ទូទៅ ស្ពានបុរាណមួយនេះត្រូវបានរក្សាទុកសម្រាប់តែអ្នកដំណើរថ្មើរជើងនិងយានយន្តធុនស្រាលដូចជា កង់និងម៉ូតូប៉ុណ្ណោះ៕




































