ខេត្តព្រះវិហារ៖ ផ្លូវក្រាលក្រួសក្រហម ចំនួន ១០ខ្សែ ស្មើនឹង ១៧គីឡូម៉ែត្រ ក្នុងឃុំ កន្ទួត និងឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកំពុងគៀរសម្រួល ដោយក្រុមគ្រឿងចក្រអង្គភាព កងពលតូចអន្តរាគមន៍លេខ៨ ក្រោមការចុះពិនិត្រផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។
លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា៖ បច្ចុប្បន្នក្រុមគ្រឿងចក្រ កំពុងធ្វើសកម្មភាពគៀរសម្រួលផ្លូវក្រាលគ្រួសក្រហម ចំនួន ៧ខ្សែ ស្មើនឹង ១១ គីឡូម៉ែត្រ ក្នុងភូមិ ចំបក់ សែនជ័យ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគ្រឿងចក្រ ចុះជួយគៀរសម្រួលផ្លូវលំក្រាលគ្រួសក្រហម ចំនួន ៣ខ្សែ បានរួចរាល់ជាស្ថាពរហើយ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងនោះខ្សែទី១ ចូលភូមិកន្ទួត ប្រវែង ៤គីឡូម៉ែត្រ, ខ្សែទី២ ចូលភូមិចារ្យ ប្រវែង ១គីឡូម៉ែត្រ, និងខ្សែទី៣ ចូលភូមិស្រអែមខាងត្បូង ប្រវែង ១គីឡូម៉ែត្រ ស្មើនឹង ៦គីឡូម៉ែត្រ ៕





































