កំពង់ចាម: ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋន ស្រុកជើងព្រៃ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ នេះ បាន អញ្ជើញ បើកការដា្ឋនសាងសង់ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ
ប្រវែង ១.៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និង ប្រព័ន្ធ លូ អម សង្ខាង ពីភូមិដូនដុំ ដល់ភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្លូវ១ខ្សែ នេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការ បម្រើ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង ។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្តកំពង់ចាម បាន ដាក់សំណើសុំទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បី ធ្វើ ការ កសាងផ្លូវនេះ ឡើង ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រើប្រាស់ ។ អ្វី ដែល ពុកម៉ែ បងប្អូន ទន្ទឹងរង់ចាំ ពេល នេះ បានក្លាយ ទៅ ជាការពិតហើយ ពីព្រោះថា សម្ដេចតេជោ បានសម្រេចផ្ដល់ផ្លូវ ១ខ្សែ ខាងលើ នេះ ហើយ ។
ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ ថា តាមការគ្រោងទុក គម្រោងស្ថាបនាផ្លូវនេះ នឹងក្រាលនូវកៅស៊ូ មានកម្ពស់ ២ជាន់ រួមជាមួយនឹងការរៀបចំ នូវប្រព័ន្ធលូរំដោះទឹក ជាច្រើនកន្លែង ទៅតាមលក្ខណៈបច្ចេកទេស ក្នុងគោលបំណងធ្វើយ៉ាងណា ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានយូរអង្វែង តទៅអនាគត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា សមិទ្ធផល នាថ្ងៃនេះ កើតឡើងដោយសារលទ្ធផល នៃការបោះឆ្នោត នាឆ្នាំ២០១៨ ជាពិសេស ការផ្ដល់នូវជំនឿទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ជាពិសេស ការគាំទ្រដល់សម្ដេចតេជោ ក្នុងការដឹកនាំប្រទេស ។ ឯកឧត្តម រដ្ឋមន្ត្រី លើកឡើងថា អ្វីៗដែលធើ្វទៅបាន អាស្រ័យ ទៅលើការគាំទ្រ មានការគាំទ្រ គឺមានការអភិវឌ្ឍ ។ យ៉ាងណាមិញ ផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៣ពាន់លានរៀល ក្នុងការស្ថាបនា ដែលថវិកានោះ បានមកពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋយើង ដើម្បី ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែក ក្រៅអំពីការស្ថាបនាផ្លូវនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសន្យានឹងជួយគាំទ្រ ទៅលើផ្នែកកសិកម្ម នៅក្នុងស្រុកជើងព្រៃ លើកិច្ចការជាច្រើនទៀត ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ នៅតែបន្តការ គាំទ្រ នោះ ៕





































