ដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅតែរងការចូលលួចកាប់ឈើ យកទៅធ្វើជំនួញពីជនខិលខូច

0

ខេត្តព្រះវិហារ៖ ជនខិលខូចនៅតែបន្តលបលួចចូលទៅកាប់ឈើ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ហើយនៅថ្ងៃទី៨ឧសភា២០២៣ ក្រុមការងារឧទ្យានជាតិ ដែលដឹកនាំដោយ បណ្ឌិត សុខ ទូច បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញជនខិលខូច កំពុងធ្វើសកម្មភាពកាប់ផ្តួល អារ ពុះជ្រៀកឈើ ដើម្បីដឹកយកទៅធ្វើជំនួញ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានបង្ហោះសារ និងរូបភាពក្នុងបណ្តាញសង្គមថា ពេញមួយថ្ងៃនេះ ក្រុមការងារយើងបានចុះល្បាត ព្រៃឈើក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងបានឃាត់សកម្មភាពកាប់ដើមកកោះ និងឈើក្រម។

លោកបណ្ឌិត សុខ ទូច​ បានបន្តថា យើងបានរឹបអូសសម្ភារៈរបស់ក្រុមដែលមកកាប់ឈើ រួមមាន៖ គោយន្តកន្ត្រៃ ១គ្រឿង និងរណារយន្ត ២គ្រឿង ( យើងមិនបានឃាត់ជនបង្កទេ ព្រោះហួសដែនសមត្ថកិច្ចរបស់យើង ) ។

លោកបណ្ឌិត បានបញ្ជាក់ថា យើងនឹងបន្តល្បាតជាប្រចាំ ដើម្បីអភិរក្សឈើ នៅក្នុងដែនឧទ្យានជាតិ តេជោសែនឫស្សីត្រឹប ព្រោះយើងមិនមែនថាតែមាត់នោះទេ ៕ ដោយ៖ឡុង សំបូរ