អនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន នាំយកអំណោយ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៤គ្រួសារ នៅក្នុងសង្កាត់ប៉ៃលិន

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ អនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន ដឹកនាំដោយឯកឧត្តម ស្លេះ យូរ ប្រធានអនុគណៈកម្មការសាខា រួមដំណើរដោយក្រុមការងារ លោកមេភូមិ ចៅសង្កាត់ បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន  ៤គ្រួសារ រស់នៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះ កាលពីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣ កន្លង។

អំណោយដែលបានយកទៅចែកជូននាឱកាសនោះ រួមមាន អង្ករចំនួន ២៥គីឡូក្រាម ទឹកសុទ្ធចំនួន ៦យួរ មីមួយកេះ ទឹកត្រី១យួរ ត្រីខកំប៉ុង១ឡូ ថវិកាចំនួន ៥ម៉ឺនរៀល និងស័ង្កសីសរុប ចំនួន ៤០សន្លឹក ដែលចែកជូនទៅតាមទំហំនៃការខូចខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រួសារនីមួយៗ។

ឯកឧត្តម ស្លេះ យូរ ប្រធានអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន បានមានប្រសាសន៍ពាំនាំនូវការសោកស្ដាយ, ការសាកសួរសុខទុក្ខ ពីសំណាក់លោកជំទាវ បាន ស្រីមុំ ប្រធាន  គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់  កន្រ្តាក់, លោកជំទាវ បាន ស្រីមុំ បានធ្វើការណែនាំដល់ក្រុមការងារកាកបាទក្រហម ត្រូវយកចិត្តទុកដាក់រៀបចំជំនួយសង្គ្រោះ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

ជាក់ស្តែងនាពេលនេះ ក្រុមការងារបានរៀបចំអំណោយសង្គ្រោះទាំងនេះ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីអំណោយទាំងនេះ មានចំនួនតិចតួច មិនស្មើនឹងទំហំនៃការខូចខាតរបស់បងប្អូន ក៏ប៉ុន្តែនេះគឺជាទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការរួមចំណែកជួយរំលែកទុក្ខលំបាករបស់បងប្អូនយើងបានមួយកម្រិតផងដែរ។ ឯកឧត្តម ក៏បានសំណូមពរសូមឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ មាន៖ ខ្យល់កន្ត្រាក់ ទឹកជំនន់ ផ្គរន្ទះជាដើម ដោយសារបច្ចុប្បន្ននេះ ធាតុកាសមានការប្រែប្រួលមិនទៀងទាត់ និងបង្កឲ្យមានគ្រោះធម្មជាតិ    ជាយថាហេតុ កើតឡើងច្រើនផងដែរ។

ឯកឧត្តមក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត មានអនាម័យ ដើម្បីបង្ការកុំអោយកើតមានជំងឺតំកាត់ផ្សេងៗមកយាយីដល់បងប្អូនប្រជាពលរដ្ឋយើង។ ម៉្យាងទៀពេលបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបគ្រោះអាសន្នអ្វីមួយកើតឡើង ត្រូវប្រញាប់រាយការណ៍មកកាន់លោកមេភូមិ លោកមេឃុំ ឬក្រុមការងារជាបន្ទាន់ ដើម្បីមានការអន្តរាគមន៍ ជួយសង្រ្គោះអោយទាន់ពេលវេលា៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន