សមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ចុះបង្ក្រាបរថយន្តស៊េរីទំនើបមួយគ្រឿង រឹបអូសឈើប្រណិតបានជាង ១ម៉ែត្រគូបត្រីគុណ

0

ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថ បានសងការជាមួយ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ចុះបង្ក្រាបរថយន្តហាយឡែនឌ័រមួយគ្រឿង ផ្ទុកឈើប្រណិតតាស្រាវ ៧ដុំ ស្មើនឹងជាង ១ម៉ែត្រគូបត្រីគុណ ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង ៨ និង២០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ​ត្រង់ចំណុចផ្លូវចូលរោងចក្រកិនថ្ម ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៅក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ បានដឹកនាំការបង្ក្រាបដោយ នាយសង្កាត់រដ្ឋបាលព្រៃឈើ អូរគ្រៀង លោក កែវ ចំណាន ដោយសហការជាមួយ កម្លាំងស្នាក់ការ៧១០ និងស្នាក់ការ៧០៨ ចាប់បានរថយន្ត ១គ្រឿង ម៉ាក TOYOTA HILANDER ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2163 ដឹកឈើអារប្រណិតប្រភេទ (តាត្រាវ) ចំនួន៧ដុំ ស្មើ ១.១៥០ម៉ែត្រគូបត្រីគុណ គ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ។ ចំណែក ម្ចាស់រថយន្តបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់។

ក្រោយការបង្ក្រាប និងរឹបអូស វត្ថុតាងរថយន្ត ១គ្រឿង និងឈើ ៧ដុំ ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនិតិវិធី៕ ដោយ៖ឡុង សំបូរ