លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន បានសម្តែងការសោក ស្តាយ និង កើតទុក្ខជាពន់ពេក ចំពោះការសម្លាប់មន្ត្រីផ្នែកផ្តល់ជំនួយមនុស្សធម៌ម្នាក់នៃ កាកបាតក្រហម ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលប្រការនេះ គឺជាការបង្ហាញ យ៉ាងច្បាស់ពីវិបត្តិសង្គ្រាម ដែលកាន់តែគួរឲ្យព្រួយបារម្ភខ្លាំងឡើងថែមទៀត។
ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែតុលា នេះដោយលើកឡើង ពីសេចក្តីថ្លែងការណ៍លោក បាន គីមូន ថាលោក អគ្គលេខាធិការពិតជាកើតទុក្ខ និង រំជួលចិត្ត ដោយសារការស្លាប់របស់មន្ត្រីផ្នែកផ្តល់ជំនួយជាជនជាតិស្វីសវ័យ ៣៨ឆ្នាំម្នាក់ បម្រើការងារ ឲ្យគណៈកម្មាធិការ កាកបាតក្រហម នៅទីក្រុង ដូណេតក៍ ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីទទួលរងនូវ គ្រាប់ផ្លោងក្បែរកន្លែងដែលខ្លួនតាំងនៅ។
ឆ្លើយតបនឹងបញ្ហានេះ លោកអគ្គលេខាធិការ បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះទាំងអស់នៅ ភាគខាងកើតអ៊ុយក្រែន ត្រូវតែអនុវត្តន៍តាមការប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នារបស់ពួកគេ ដែល បានធ្វើឡើងកាលពីខែមុន ហើយការដោះស្រាយបញ្ហាតាមរយៈការទូត ត្រូវតែបង្កើនឡើង ទ្វេដងថែមទៀត។ គួរបញ្ជាក់ថា ជម្លោះនៅភាគខាងកើតអ៊ុយក្រែនកន្លងមកបានសម្លាប់ មនុស្ស ជាង ៣.០០០នាក់ និង ប្រមាណ ៨.០០០នាក់ទៀតរងរបួស៕