(កំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បានអញ្ជើញចូលរួម ក្នុងពីធី២០ឧសភាទិវាជាតិនៃការចងចាំ ដែលប្រារព្ធធ្វើឡើងនៅទីរួមស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងដោយភាពក្ដុកក្ដួលនៅក្នុងទិវាចងចាំជាប្រវត្តិសាស្ត្រនេះលោក ឃីម សុខឃាងអភិបាលស្រុកប្រាសាទសំបូរ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវសិក្សាពីប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ ជាពិសេសគឺប្រវត្តិសាស្រ្តរបស់របបវាលពិឃាត០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ដ៏ឃោរឃៅដែលរបប ប៉ុល ពត ខ្មៅយង់ឃ្នងបានបង្កវិនាសកម្ម និងនាំទុក្ខលំបាកវេទនាគ្រប់បែបយ៉ាង ។ ដូចជា ការបង្អត់អាហារមិនឲ្យមានការបរិភោគគ្រប់គ្រាន់ ធ្វើការងារធ្ងន់ធ្ងរលើសកម្លាំង ការធ្វើទារុណកម្មគ្រប់បែបយ៉ាង ការសំលាប់រង្គាលមិនរើសមុខមកលើប្រជាជនខ្លួនឯង ការលុបបំបាត់សាសនា ការបំបិទសិទ្ធិសិរីភាពគ្រប់បែបយ៉ងមកលើប្រជាជន និងជាតិកម្ពុជាដែលមិនអាចបំភ្លេចបាន ត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងការពារដាច់ខាតមិនឲ្យរបបអាវខ្មៅវិលត្រឡប់សារជាថ្មីមកនៅក្នុងទឹកដីកម្ពុជាតទៅទៀតទេ។
ជាមួយគ្នានេះផងដែរឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកសន្តិភាពជូនជាតិកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន និងជួយនាំឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសុទិដ្ឋិនិយមនេះ មានលេចឡើងនូវអ្នកនយោបាយអគតិមួយចំនួន បានឃោសនាមូលបង្កាច់អត្ថន័យដ៏ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្រ០៧មករា មួលបង្កាច់អន្តរាគមន៍ របស់ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះមាតុភូមិយើង ថាជាការឈ្លានពានមកលើអធិបតេយ្យជាតិ នៃ កម្ពុជាទៅវិញ។ គឺពួកគេចង់ឲ្យពូជសាសន៍កម្ពុជាយើងរលាយបាត់ក្នុងរបប ប៉ុល ពត ទើបបានជាគេមួលបង្កាច់បញ្ហាស្មុគស្មាញមានជាបន្តបន្ទាប់ដល់សង្គមជាតិ សូម្បីក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងមហិច្ឆតា ឈ្លានពានពីសំណាក់មជ្ឈដ្ឋានអ្នកវង្វេង ប្រត្តិសាស្ត្រក៏ដោយ ។
ឯកឧត្តម ឃឹង នុភាព បានបន្តទៀតថា ពួកគេឈ្លក់វង្វេងចង់បានអំណាចរហូតភ្លេចគិតពីវាសនារបស់ប្រទេសជាតិ និងប្រជាជនបែរជាមើលស្រាលចំពោះប្រជាជន មើលស្រាលចំពោះពលិកម្មរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការរស់ឡើងវិញ និងការរីកចម្រើនរបស់ប្រទេសជាតិ និងប្រជាជនយើង ។ សូមឲ្យប្រជាជនកម្ពុជាគ្រប់រូប ត្រូវមានការចងចាំជានិច្ចនូវអំពើយង់ឃ្នងរបស់បនប្រល័យពូជសាសន៍ខ្មែរក្រហម ហើយមិនត្រូវជឿលើបុគ្គលអគតិភ្លេចជាតិកំណើតមួយចំនួន ដែលបានបំភ្លៃ ការពិត និងប្រវត្តិសាស្រ្តហើយប៉ុនប៉ងបង្កអសន្តិសុខផ្សេងៗមកលើប្រទេសជាតិយើងជាដាច់ខាត។
ជាចុងបញ្ចប់ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ជាប្រវត្តិសាសន៍ឲ្យបានគ្រប់ៗគ្នាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះកុំបីខាន។