ខេត្តកំពង់ធំ ៖ រឿងអាស្រូវពុករលួយដ៍ធំដែលទើបតែបានផ្ទុះចេញឡើង និងមានពាក់ព័ន្ធជាមួយនឹងមន្ត្រីសំខាន់ៗជាច្រើននាក់ ដែលកើតឡើងតាំងពីសម័យប្រធានមន្ទីរចាស់ដល់សម័យប្រធានស្តីទីរបស់មន្ទីរកិច្ចការនារីខេត្តកំពង់ធំ ប៉ុន្តែមន្ត្រីដែលទទួលបានផលប្រយោជន៍ច្រើនពីអំពើពុករលួយខាងលើគឺលោកប្រធានការិយាល័យគណនេយ្យឈ្មោះហា ប៊ុនឡង ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាអស់រយៈពេលជាច្រើនឆ្នាំក្នុងតំណែងជាប្រធានការិយាល័យគណន្យេមន្ទីរកិច្ចការនារីលោកហា ប៊ុនឡង បានរួមដៃជាលោកស្រីអតីតប្រធានមន្ទីរទូច ស៊ីថុល ធ្វើការកឹបកេងថវិកាជាតិដែលមិនមែនកម្មវិធីនិងថវិកាកម្មវិធីអស់ខ្ទង់រយលានក្នុងមួយឆ្នាំៗលើគ្រប់ជំពូក។
ក្នុងនោះមានការកឹបកេងថវិកា ផ្គត់ផ្គង់សម្ភារៈផ្នែករដ្ឋបាល សម្ភារៈផ្គត់ផ្គង់ថែទាំ ការថែទាំនិងជួសជុលអាគារ ការចំណាយលើផ្នែកទំនាក់ទំនងលើការផ្សព្វផ្សាយ ការចំណាយសោហ៊ុយទូទាត់ក្នុងប្រទេស ជាពិសេសគឺប្រាក់ឧបត្ថម្ភសហគមន៍តែម្តង។
ស្របពេលដែលលោកស្រីអតីតប្រធានមន្ទីរទូច ស៊ីថុល ចូលនិវត្តន៍ និងទៅកានតំណែងជាសមាជិកក្រុមប្រឹក្សាខេត្ត ហើយលោកស្រីជុំ សាខេម បានឡើងជាប្រធានស្តីទីមន្ទីរច្ចការនារីនោះ ការចំណាយថវិកាជាតិនានា គឺបានធ្លាក់ចូលកណ្តាប់ដៃលោកហា ប៊ុនឡងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារលោកស្រីប្រធានស្តីទីពុំមានអំណាចរឹងមាំ គឺការចំណាយអ្វីៗធ្វើឡើងតែតាមគំនិតរបស់លោកហា ប៊ុនឡង ទាំងអស់។
ហើយសម្រាប់ឆ្នាំកន្លងមកថវិកាជាតិត្រូវបានលោកហា ប៊ុនឡង និងលោកស្រីអតីតប្រធានមន្ទីរកឹបកេងអស់យ៉ាងច្រើនដូចជានៅជំពូក៦០អស់យ៉ាងតិច៣០% ជំពូក៦១អស់យ៉ាងតិច៤០% ជំពូក៦២អស់យ៉ាងតិច៤៥% ជំពូក៦៥អស់ស្ទើរទាំងស្រុង។ ប៉ុន្តែទោះបីការចំណាយថវិកាទាំងនេះប្រកបដោយអំពើពុករលួយក៍មិនត្រូវបានក្រុមអធិការកិច្ចឬក្រុមសវនកម្មរកឃើញកំហុសរបស់ពួកគេទេ ដោយសារពួកគេឃុបឃិតគ្នាធ្វើឯកសារបំប៉ោងតួលេចំណាយបង្ក្រប់ចំនួនទឹកប្រាក់ដែលពួកគេបានដកថវិកាជាតិយកមកចាយទាំងនោះ។
នៅឆ្នាំ២០១៣-ឆ្នាំ២០១៤ ខណៈពេលរាជរដ្ឋាភិបាលធ្វើកំណែទម្រង់ស៊ីជម្រៅលុបបំបាត់អំពើពុករលួយនោះ គេបានឃើញមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានធ្វើកំណែទម្រង់ពីអ្នកធ្លាប់បានលុយចាយតិចតួចពីការចំណាយថវិកាជាតិកាន់តែអត់ទៅរីឯអ្នកដែលបានច្រើន និងជាមេចំណែកគឺកាន់តែបានច្រើនទៅដោយប្រើពាក្យថា លុបបំបាត់អំពើពុករលួយ អ្នកតូចតាចមិនត្រូវទាមទាចំណែកទៀតទេ ព្រោះគេសម្អាំងថាសម័យប្រឆាំងអំពើពុករលួយ។
តាមមន្ត្រីនៅក្នុងមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានឲ្យដឹងថា នៅឆ្នាំ២០១៣មន្ទីរមួយនេះបានចំណាយថវិកាជាតិសរុបអស់៣៦៧,៣៨៧,៩០០រៀល ក្នុងនោះជំពូក៦០អស់ចំនួន៧១,០៨៥,៧០០រៀល ជំពូក៦១អស់២៦,២១០,០០០រៀល ជំពូក៦២អស់២៦,៣៦៨,២០០រៀល ជំពូក៦៤អស់១៩៣,៧៤៤,០០០រៀល ជំពូក៦៥អស់ចំនួន៤៩,៩៨០,០០០រៀល ។
សម្រាប់គម្រោងចំណាយឆ្នាំ២០១៤ ដែលមិនទាន់អនុវត្តន៍បញ្ចប់គឺមានថវិកាសរុប៤៩៩,០លានរៀល ក្នុងនោះជំពូក៦០ចំនួន៦៥,០លានរៀលជំពូក៦១ចំនួន៣០,០លានរៀល ជំពូក៦២ចំនួន៣២,០លានរៀល ជំពូក៦៤ចំនួន៣១៣,០លានរៀល ជំពូក៦៥ អស់៥៩,០លានរៀល ប៉ុន្តែថវិកាទាំងនេះឥឡូវនេះត្រូវបានគេចាយអស់មួយចំនួនធំទទ្ទឹមគ្នានោះក៍អង្កេត
ឃើញថាមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលចាំបាចស្ថាប័នពាក់ព័ន្ធគួត្រួតពិនិត្យការចំណាយនានា នៅក្នុងមន្ទីរមួយនេះឲ្យបានស៊ីជម្រៅនិងជួបសម្ភាស៍គ្រប់មន្ត្រីធំតូចរួមនិងពលរដ្ឋដែលជាអ្នកទទួលផលប្រយោជន៍នៃការចំណាយខាងលើឲ្យបានដល់មូដ្ឋាន និងរកឃើញការពិតជាមិនខាន៕