(កំពង់ធំ)÷ រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។
ជាកិច្ចចាប់ផ្ដើម លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក អានរបាយការណ៍ស្វាគមន៍ និងគោរពថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដែលបានឆ្លៀតឱកាស ដ៏មានតម្លៃមមាញឹកពីការងារ ផ្ដល់កិត្តិយស ក្នុងពិធីប្រកាសផ្ទេរ
ភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ ឱកាសនេះចំនួន៤៦នាក់ស្រី០៣នាក់ក្នុងនោះ÷តែងតាំងមុខតំណែងចំនួន២០នាក់ និងបំពាក់ឋានន្តរស័ក្តិ ២៦នាក់ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុក ហើយលោកថ្លែងកោតសរសើរចំពោះស្នាដៃដ៏ធំធេង របស់កងកម្លាំងគ្រប់លំដាប់ថ្នាក់ចូលរួមសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងឱកាស នៃការប្រារព្ធពិធីសំខាន់ៗ លើទឹកដីស្រុកកំពង់ស្វាយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានសង្កត់ធ្ងន់លើការងារមួយចំនួន÷ ១.យុត្តិធម៌ ២.ប្រឆាំងគ្រឿងញៀន ៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤.គ្រប់គ្រង់មុខសញ្ញាក្មេងទំនើង ៥.បណ្ដុះបណ្ដាលអំពីច្បាប់សំដៅធ្វើយ៉ាងណា បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឱ្យទាន់ពេលវេលា ផ្ដល់សុខុដុមរមនាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកស្នងការនគរបាលខេត្ត បានផ្តាំផ្ញើដល់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រូវធ្វើផែនការ ការងារ សម្រាប់អនុវត្តបន្ត ជាត្រីវិស័យបង្ហាញផ្លូវឈានទៅរកការកសាងអភិវឌ្ឍភារកិច្ចជំនាញស្របតាមការចង្អុរបង្ហាញរបស់ថ្នាក់លើ ។ម្យ៉ាងទៀតកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវផ្លាស់ប្ដូរឥរិយាបថ ជាអ្នកបំរើប្រជាពលរដ្ឋ ហាមដាច់ខាតការផ្ទេរកម្លាំងចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្វះកម្លាំងត្រូវស្នើមកកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬស្នងការដ្ឋាននគរបាលខេត្ត តាមរយៈពេលវែង និងរយៈពេលខ្លី ត្រៀមកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងហេតុការណ៍ ណាមួយដែលអាចកើតមានឡើងជាចៃដន្យ៕