(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន និងជាសមាជិករដ្ឋសភាអាណត្តិទី៦ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ លោក Pyung-rock Park អនុប្រធានប្រតិបត្តិរដ្ឋាករទឹកកូរ៉េ (K-Water)
និងជាប្រធានស្តីទីនៃក្រុមប្រឹក្សាទឹកអាស៊ី(AAWC) លោក Jae_ill_Byun ប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ីអំពី «គម្រោងសុខុមាលភាពទឹក» នៅកម្ពុជា និងលទ្ធភាពអនុវត្តគម្រោងនៅក្នុងខេត្តកំពង់ធំ អញ្ជើញចុះសំណោះសំណាលជាមួយប្រជាពលរដ្ឋ៥០០នាក់ ហើយទៅទស្សនកិច្ចនៅប្រាសាទបុរាណសំបូរព្រៃគុក និងមកទស្សនកិច្ចនៅសកលវិទ្យាល័យតេជោសែនកំពង់ធំ ។
ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹងថា ការផ្គត់ផ្គង់ទឹកនៅក្រុងស្ទឹងសែន មានសង្កាត់ចំនួន០៨ ហើយបច្ចុប្បន្ននេះ បានទទួលការផ្គត់ផ្គង់ទឹកស្អាត ដោយប្រើប្រាស់ទឹកពីអង្គភាពរដ្ឋាករទឹកកំពង់ធំ ដែលជាស្ថាប័ន របស់រដ្ឋ និងពីរោងចក្រប្រព្រឹត្តកម្មទឹកក្រុងស្ទឹងសែនទី២ ដែលជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។
ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា ថ្មីៗនេះក្រសួងបានដាក់ផែនការឱ្យរដ្ឋាករទឹកស្អាតពង្រីកការផ្គត់ផ្គង់ទឹកស្អាត ទៅកាន់ឃុំថ្មី បន្ថែម២ឃុំទៀត គឺឃុំព្រៃគុយ និងឃុំត្រពាំងឫស្សី(ស្ថិតនៅស្រុកកំពង់ស្វាយ) ជាប់ក្រុងស្ទឹងសែន ដែលមានប្រជាជនប្រមាណ៥.០០០គ្រួសាររស់នៅទីនោះ ។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ អន្ដរជាតិលើកឡើង នូវចំណុចសំខាន់ៗ ដើម្បីសម្រេចបានសន្តិភាព ប្រកបដោយ ចីរភាពរួមមាន៖ កិច្ចសហប្រតិបត្តិការពហុភាគី ការអភិវឌ្ឍយុវជន ភាពជាដៃគូរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ការគោរពចំពោះទស្សនៈនិងជំនឿខុសៗគ្នា និងការជំរុញការសិក្សាស្រាវជ្រាវ និងសហប្រតិបត្តិការរវាងធនាគារខួរក្បាល។
ជាមួយគ្នានេះឯកឧត្តម សួស យ៉ារ៉ា បានសង្កត់ធ្ងន់លើទស្សនៈរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា «សង្រ្គាមមិនអាចបញ្ចប់បាន ដោយសង្គ្រាមនោះទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា ដោយគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាព- ជាតិ ឯករាជ្យភាពជាតិ និងបូរណភាពទឹកដី។
លោក Pyung-rock Park អនុប្រធានប្រតិបត្តិរដ្ឋាករទឹកកូរ៉េ (K-Water)បានឲ្យដឹង មិត្តភាពកម្ពុជាកូរ៉េ គឺរក្សាទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ហើយទស្សនៈលោកឃើញថាប្រទេសកម្ពុជាពិតជាមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ៕