ខេត្ដសៀមរាបៈ កម្លាំងសមត្ថកិច្ចចំនួនពីរក្រុមបានធ្វើការដេញប្រមាញ់រថយន្ដទំនើបដឹកឈើក្រញូងមួយគ្រឿងបានបើករត់ចូលក្លឹបកំសាន្ដពីរ៉ាមីត ត្រូវបានសមត្ថកិច្ចចំរុះ ដែលដឹកនាំផ្ទាល់ដោយលោក សំ រិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដសៀមរាប ធ្វើការឃាត់ខ្លូន អ្នកបើកបរនឹងរថយន្ដល្មើសមកកាន់ទីបញ្ជាការអាវុធហត្ថ
ខេត្ដ ទាំងយប់ នៅវេលាម៉ោង១២ និង៣០នាទី ឈានចូលថ្ងៃទី៤ខែតុលានេះ នៅក្នុងបរិវេណក្លឹបកំសាន្ដពីរ៉ាមីត ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ប្រតិបត្ដិការនេះ ត្រូវបានគេបង្ហើបថា មានកំលាំងប៉េអឹម និងប៉ូលីស ជាអ្នកដេញប្រមាញ់ពីផ្លូវជាតិលេខ៦៧ ហាយវ៉េ រត់ចូលមកទីរួមខេត្ដ ដោយរកកន្លែងជ្រកមិនបាន ក៍រត់ចូលក្លឹបកំសាន្ដពីរ៉ាមីត យករួចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ចចំរុះអូសយកមកទាំងយប់តែម្ដង។
នាយផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី លោក ម៉ុង ប៊ុនលីម បានឲ្យដឹងថា ការចុះបង្ក្រាបនោះ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ស៊ុន ប៊ុនរិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឆ្ងរជើង ឃុំដា ស្រុកមេមត់ ខេត្ដកំពង់ចាម។ រីឯរថយន្ដល្មើស ម៉ាកតូយ៉ូតា ធន់ដ្ដ្រា ពាក់ស្លាកលេខ ភ្នំពេញ ២តេ ៧៧៦៧ ពណ៌ខ្មៅ ។
លោកបន្ដថា ឈើក្រញូងនោះ សរុបចំនួន ៤៧៤គីឡីក្រាម ស្មើនឹង៤០ ស្មើនឹង០,៣៩៥ម៉ែត្រគូប។បច្ចុប្បន្នអ្នកបើកបរ និងរថយន្ដល្មើស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្ដ ចំណែកឈើទាំងនោះ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។ប្រភពទម្លាយថា ឈ្មួញឈើខាងលើនេះ ជាប់ខ្សែស្រឡាយជាមួយ នឹងលោក ពន្លក ដែលគេស្គាល់ថា ជាឈ្មួញឈើដុះស្លែប្រចាំខេត្ដឧត្ដរមានជ័យ និងកំពង់ចាម៕