កំពង់ឆ្នាំង៖កុមារាជាអ្នកបើកបរគោយន្តម្នាក់បានរងរបួសស្រាល នៅពេលគោយន្តដឹកដីធ្វើក្អមឆ្នាំង១គ្រឿងរបស់គេបានក្រឡាប់ក្បាលធ្លាក់ចូលស្រែបះជើងឡើងលើចាក់ដីចោលពេញផ្លូវ ដោយសារកំពុងតែបើកៗ គោយន្តនោះដាច់កង់ម្ខាងទាញធ្លាក់ពីលើផ្លូវ។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៤៥នាទី ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ។
សាក្សីនៅកន្លែងកើតហេតុបានឃើញករណីនេះបានអោយដឹងថា៖នៅមុនពេលកើតហេតុគេឃើញគោយន្តនេះដឹកដីធ្វើក្អមឆ្នាំងពេញទ្រុងបើកបរដោយកុមារាម្នាក់អាយុប្រមាណជា១៥ឆ្នាំចេញពីភ្នំ ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៥៣ លុះមកដល់ចំណុចកើតហេតុខាងលើ គោយន្តនេះបានដាច់កង់ខាងស្តាំរេចង្កូតធ្លាក់ចូលស្រែក្រឡាប់បះជើងឡើងលើ ចំណែកទ្រុងដាក់ដីខាងក្រោយក្រឡាប់នៅលើថ្នល់ជាតិចាក់ដីចោលពេញផ្លូវ ចំណែកអ្នក បើកបរកុមារាជាអ្នកបើកបរគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរកន្លែងកើហេតុបាននិយាយដូៗគ្នាថា៖គេតែងសង្កេតឃើញអ្នកបើកគោយន្តមួយនេះ បើកដឹកដីតាមផ្លូវនេះរាល់ថ្ងៃ គឺគេបើកលឿនៗណាស់ ម្យ៉ាងអ្នកបើកនៅមិនទាន់គ្រប់អាយុបើកបរទៀតផង នេះសំណាងហើយដែលមិនបានបង្កគ្រោះ ថ្នាក់ដល់អ្នកដ៏ទៃ ដោយសារពេលគោយន្តរេពេញផ្លូវមិនមានរថយន្តឬម៉ូតូឆ្លងកាត់កុំអីអាចបង្កគ្រោះថ្នាក់ដល់គេមិនខានឡើយ។
ករណីនេះពួកគាត់សុំសំណូមពរដល់សមត្ថកិច្ចនគរបាលចរាចរណ៏ មេត្តាពិនិត្យមើល អ្នកបើកបរវ័យក្មេងមិនទាន់គ្រប់អាយុនេះផង បើឪពុកម្តាយបណ្តែតបណ្តោយអោយបើកបរតាមផ្លូវសាធារណះនេះទៀត ថ្ងៃណាមួយពិតជាបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃមិនខានឡើយ៕