ខេត្តតាកែវ៖ នាព្រឹកចន្ទ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ ខេត្តតាកែវ មានរៀបចំកិច្ចប្រជុំស្តីពីការ “ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ”
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកធិការ អធិការរង លោកនាយ នាយរងផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធសរុប៤៥ នាក់ ស្រី ០១នាក់។ បន្ទាប់មកលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ឡេីងធ្វេីរបាយការណ៍ស្វាគមន៍ស្តីពីស្ថានភាពភូមិសាស្ត្រ និងសភាពការណ៍ទូទៅនៅក្នុងមូលដ្ឋាននគរបាលស្រុក ត្រាំកក់ ខេត្តតាកែវ ជូនអង្គពិធីជ្រាបរួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលសួរសុខទុក្ខ និងណែនាំដាស់តឿនក្រេីនរំលឹកដល់លោកអធិការ អធិការរងទទួលតាមផ្នែកជំនាញត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសផ្នែកជំនាញព្រហ្មទណ្ឌ គ្រឿងញៀន ជម្រុញការស្រាវជ្រាវមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ និងមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀន ដេីម្បីឈានទៅបង្រ្កាបបានទាន់ពេលវេលា។ ពាក់ពន្ធការងារសន្តិសុខជម្រុញតាមដានព័ត៌មានសង្គមបកស្រាយឆ្លេីយតបឱ្យបានឆាប់រហ័ស ស្រាវជ្រាវមេខ្លោងទន្ទ្រានដីរដ្ឋធ្វេីជាកម្មសិទ្ធ និងត្រៀមផែនការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជេីញចុះមូលដ្ឋានខេត្ត និងដំណេីរឆ្លងកាត់ខេត្ត។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍សង្កត់ធ្ងន់ទៀតថាៈ ត្រូវត្រៀមកម្លាំង និងសម្ភារ: មធ្យោបាយបម្រេីឱ្យយុទ្ធនាការឃោសនា និងការបោះឆ្នាតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ចំពោះការងារព្រហ្មទណ្ឌ ត្រូវបន្តក្តាប់មុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ ជម្រុញការល្បាតពួនស្ទាក់តាមដងផ្លូវ ទីប្រជុំជន តំបន់ដាច់ស្រយ៉ាល ដោយប្រេីប្រាស់នូវវិធានការបង្ការ បន្តស្រាវជ្រាវទីតាំងបញ្ចាំ និងទទួលផលចោរកម្ម ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ប៉ុស្តិ៍នគរបាលត្រូវបន្តសហការជាមួយមេឃុំ ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយត្រូវបង្កេីនការផ្សព្វផ្សាយ ការធ្វេីវេទិកាសាធារណ: ដោយលេីកយកនូវប្រធានបទដូចជា៖ បទល្មេីសព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ ក្មេងទំនេីង ល្បែងស៊ីសង និងចងក្រងក្រុមប្រជាការពារ។ ជាមួយគ្នានោះត្រូវជម្រុញការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ សៀវភៅស្នាក់នៅក២ សៀវភៅគ្រួសារក៤ ការផ្តល់អត្តសញ្ណាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ បន្តដំណើរអញ្ជេីញចុះពិនិត្យអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាភេម នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ទេីបសាងសង់រួចក្រោមគម្រោងរបស់នាយកដ្ឋានស្ថាបនា នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃផងដែរ៕