ប្រទេសថៃ ÷ បុរសវ័យចំណាស់ម្នាក់ ដែលជាម្ចាស់ចម្ការទុរេន នៅខេត្តសុរ៉ាតថានី ប្រទេសថៃ ត្រូវបានធរណីស្រូបបាត់ស្រមោល បើទោះបីជាអភិបាលខេត្តបញ្ជាអោយដាក់ម៉ាសុីនភ្លើងបំភ្លឺ និងដាក់គ្រឿងចក្រជាច្រើនគ្រឿងដើម្បីកាយរុករកសព ក៏មិនទាន់ប្រទះឃើញនៅឡើយ។
យោងតាមការផ្សាយពីកាសែតថៃរ៉ាត់បានបញ្ជាក់ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុងក្នុងចម្ការទុរេនមួយកន្លែង ក្នុងស្រុកបាណាសាន ខេត្តសុរ៉ាតថានី មានករណីព្រះធរណីស្រូបម្ចាស់ចម្ការទុរេនម្នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងតំបន់នោះ។
ព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុ ម្ចាស់ចម្ការដែលមានឈ្មោះ សុឆាត សុីក្រៃឆ័យ បានជួលក្រុមជាងមួយក្រុម អោយមកខួងអណ្តូងនៅក្បែចម្ការដើម្បីទាញយកទឹកមកប្រើប្រាស់ស្រោចផលដំណាំ ពិសេសគឺទុកសម្រាប់ស្រោចដើមទុរេន។
លោក គិត តិភុង មេជាងខួងអណ្តូង និងជាសាក្សីដ៏សំខាន់ម្នាក់ បានរៀបរាប់ថា ខណ:ដែលក្រុមការងាររបស់លោកកំពុងបញ្ជាម៉ាសុីនដើម្បីខួងអណ្តូង គឺលោកតាម្ចាស់ចម្ការក៏បាននៅអង្គុយមើលនៅទីនោះដែរ គឺនៅចម្ងាយប្រហែល១០ម៉ែត្រ ពីម៉ាសុីនខួង។
សាក្សីបានបន្តថា ស្របពេលដែលម៉ាសុីនកំពុងខួងបានជម្រៅប្រហែលជាង១០ម៉ែត្រ ក៏ស្រាប់តែដីកន្លែងដែលលោកតាអង្គុយ បានស្រុតចុះក្រោមយ៉ាងធំ ទាញយកទាំងរាងកាយលោកតាទៅជាមួយដែរ ដែលមាត់រណ្តៅប្រហែល១០ម៉ែត្រ និងជម្រៅប្រហែលជាង៤ម៉ែត្រ។នៅពេលនោះខ្លួនមិនហ៊ានចូលទៅជួយទេព្រោះខ្លាចគ្រោះថ្នាក់ទាំងខ្លួនឯង ទើបរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរ អោយមកជួយអន្តរាគមន៍។
នៅពេលនោះខាងអាជ្ញាធរខេត្តសុរ៉ាតថានី បានបញ្ជាអោយដាក់ម៉ាសុីនភ្លើងដើម្បីបំភ្លឺនៅកន្លែងកើតហេតុ និងដាក់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីកាយរុករកសពដែលបានបាត់នៅក្នុងដី។ ចំណែកក្រុមគ្រួសារ និងសាច់ញាតិ បាននិមន្តព្រះសង្ឃមកជួយសូត្របន្ត និងដុតធូបទៀន សុំខមាលទោសពីម្ចាស់ទឹក ម្ចាស់ដី ដោយសុំអោយបង្ហាញសព ធ្វើយ៉ាងណាអោយរកឃើញដើម្បីរៀបចំធ្វើបុណ្យ ប៉ុន្តែអ្វីៗត្រូវខកទាំងអស់ ដោយសារតែការរុករករហូតដល់ម៉ោង១០យប់ទៅហើយ នៅតែមិនទាន់ប្រទះ ។ ទោះបីជាយ៉ាងនេះក្តីក៏ក្រុមការងារនៅតែបន្តដោយមិនសម្រាកនោះឡើយ ៕ អត្ថបទ ÷ ព្រាប.ស