(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំថ្នាក់ដឹកនាំដែលជានាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកាចំនួន៣.៥០០.០០០រៀល ទៅប្រគល់ជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបាននាំយកនូវថវិកា ដែលជាការចូលរួម បរិច្ចាកដោយស្ម័គ្រចិត្តរបស់នាយទាហាន នាយទាហានរង និងពលទាហានចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងការជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជន ពិសេសប្រជាជន ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានសូមថ្លែងអំណរគុណដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែចូលរួមប្រគល់ថវិកាជារៀងរាល់ឆ្នាំជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ ព្រមជាមួយនេះដែរថ្នាក់ដឹកនាំនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានធ្វើសកម្មភាពជួយដោះស្រាយនូវរាល់ការលំបាកជូនអតីតយុទ្ធជននិងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ផងដែរ។
ឯកឧត្តម ងួន រតនៈ បានសូមជូនពរដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសម្រេចគ្រប់ភារកិច្ច ក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា៕