មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងការចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ ព្រមទាំងបាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ៤លានរៀល គ្រឿងឧបភោគ បរិភោគ និងថវិកា ៥៥ម៉ឺនរៀលផ្សេងទៀត ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសព អតីតយុទ្ធជនពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា ថវិកាបេឡាមរណៈសង្គ្រោះ ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅពេលនោះ មានចំនួន ៤លានរៀល (បួនលានរៀល) លិខិតរំលែកមរណៈទុក្ខមួយច្បាប់ និងគ្រឿងឧបភោគ បរិភោគ រួមមាន (អង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខកំប៉ុង ១យួរ និងថវិកា ៥៥ម៉ឺនរៀលផ្សេងទៀត) សម្រាប់ចូលរួមរំលែកមរណៈទុក្ខ ជូនដល់គ្រួសារសព លោក រស់ ផាវ អាយុ ៧៩ឆ្នាំ (មុខសញ្ញានិវត្តន៍ជន​) ដែលបានទទួលមរណៈភាព នៅថ្ងៃទី២៧ឧសភា២០២៣ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

គ្រួសារសពលោកតា រស់ ផាវ បានថ្លែងអំណរគុណ និងជូនពរថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ រួមទាំងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលតែងបានយកចិត្តទុកដាក់ គិតគូខ្ពស់ ចំពោះភាពសុខទុក្ខរបស់ក្រុមគ្រួសារនៃសព អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ទាំងពេលកន្លងទៅ ក៏ដូចនៅក្នុងពេលនេះ៕ដោយ៖ឡុង សំបូរ