សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបគ្រឿងចក្រពីរគ្រឿង ឈូសឆាយដីព្រៃខុសច្បាប់

0

ខេត្តព្រះវិហារ៖ កម្លាំងរដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរមទម នៃស្រុករវៀង ចុះបង្ក្រាបគ្រឿងចក្រពីរគ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃរដ្ឋ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ការចុះបង្ក្រាបនេះបានធ្វើឡើង ក្រោមបញ្ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអូរភ្នៅ ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច ក្នុងការចុះបង្ក្រាបគ្រឿងចក្រពីរគ្រឿង ក្នុងសកម្មភាពឈូសឆាយដីព្រៃរដ្ឋ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នោះ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានឈ្មួញមួយក្រុមបាន និងកំពុងធ្វើសម្មភាពឈូសឆាយដីព្រៃរដ្ឋទាំងបំពានច្បាប់ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការរួមគ្នា ចុះទប់ស្កាត់ បង្ក្រាប និងរឹបអូសបានត្រាក់ទ័រពីគ្រឿង និងបានហៅម្ចាស់គ្រឿងចក្រទាំងពីរ បើកត្រាក់ទ័តនោះ នាំយកមកកាន់ផ្នែករដ្ឋបាលព្រៃឈើរវៀង។

ជុំវិញការបង្ក្រាបគ្រឿងចក្រទាំងពីរគ្រឿង ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នោះ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពឈូសឆាយដីព្រៃនេះ នៅមិនទាន់ដឹងខុសត្រូវយ៉ាងណានោះទេ   ព្រោះកម្លាំងរដ្ឋបាលព្រៃឈើ កំពុងធ្វើការផ្ទៀងផ្ទាត់ជាមួយលិខិតស្នាមសិន តែគ្រឿងចក្រត្រូវបាននាំយកមករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើរវៀង ជាបណ្តេះអាសន្ន ហើយបើរកឃើញកំហុស មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នឹងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ