កំពង់ឆ្នាំង៖គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវអោយប្រជាកសិករ ខិត ខំធ្វើស្រែដើម្បីស្តារសេដ្ឋកិច្ចជាតិ និងនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិគឺជាមហិច្ឆតា ដ៍ ត្រឹមត្រូវសំរាប់ប្រទេសដែលមានកំណើនសេដ្ឋកិច្ចដូចប្រទេសកម្ពុជាយើងនេះដែល ជាគោល ការរបស់រដ្ឋាភិបាលគឺនាំអង្ករចេញអោយបាន១លានតោននៅឆ្នាំ២០១៥ ដើម្បីលក់នៅលើទីផ្សារអន្តរជាតិ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអោយដឹងថា៖ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងបាននាំគ្នា ភ្ជួរររាស់ ដកស្ទូង ខ្លះប្រវាស់យកដៃគ្នាយ៉ាង សកម្ម ផុលផុសដោយសារទឹកភ្លៀងអំណោយផលនៅក្នុងរដូវវស្សាឆ្នាំនេះ គិតមកដល់ដើមខែតុលា ឆ្នាំ២០១៤នេះប្រជាកសិករយើងបានធ្វើស្រែរួចរាល់ហើយ។
នៅក្នុងរបាយការណ៍បូកសារុបរបស់មន្ទីរគិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ប្រជាកសិករក្នុងខេត្ត ភ្ជួររាស់បានចំនួន១៩១.៥៧០ហិកតា ក្នុងនោះភ្ជួរដោយគោក្របីចំនួន៧៣.០៣៧ហិកតា,សាបបានចំនួន១៨.២៩៥ហិកតាកើនជាងឆ្នាំ២០១៣ចំនួន១១៤ហិកតា ដាំដុះស្ទូង សា រុបបានចំនួន១២០.៧៥ហិកតាស្មើនិង១១០.២៨% លើផែនការអនុវត្ត១០៩.៥០០ហិកតា។
ក្នុងនោះធ្វើស្រូវស្រាលបាន ៥.៧៧២ហិកតា, ស្រូវបង្កើនរដូវ១.៤០៧ហិកតា, ស្រូវកណ្តាល ៨៩.៧៨១ហិកតា ស្រូវធ្ងន់២៣.២៨២ហិកតា,និងស្រូវឡើងទឹកចំនួន៥១១ហិកតា កើនលើស ឆ្នាំ២០១៣ចំនួន១០២ហិកតា។ដោយឡែកដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មវិញប្រជាកសិករក្នុងខេត្តដាំដុះបានចំនួន៨.៦៧១ហិកតាស្មើនឹង១០៧,០៥ភាគរយលើផែនការ៨,១០០ហិកតា ដំណាំទាំងនោះរួមមាន ពោត១.៦៤២ហិកតា,ដំឡូងមី៩៥៨ហិកតា,ដំឡូងជ្វា៨២៨ហិកតា, សណ្តែកបាយ៦៩៥ហិកតាឳឡឹក៣៥១៤ហិកតា និងបន្លែផ្សេងៗ២.៦១៩ហិកតា,ដាំអំពៅបាន២៣៨ហិកតា, ក្រចៅ១០០ហិកតា,ល្ងរ៥២០ហិកតា,សណ្តែកដី៦៩៥ហិកតា,និងថ្នាំជក់៦២ហិកតា។
ការប្រមូលផលស្រូវស្រាលឆ្នាំនេះលើផ្ទៃដីប្រមូលផល១.៤២១ហិកតា ដែលទិន្នផលគិតជាមធ្យមទទួលបាន២.៦៦៤តោនក្នុង១ហិកតា និងបរិមាណផលទទួលបាន៣.៧៨៦តោន។ នៅគ្រប់ស្រុកនិងឃុំក្នុងខេត្តកំពង់ឆ្នាំងមានទឹកធ្វើស្រែចំការគ្រប់បរិបូរណ៍ និងពុំមាន ស្រុកឬឃុំណាមួយមានការរាំងស្ងួតនៅឡើយ គួបផ្សំនឹងប្រទេសមានសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយល្អ ធ្វើអោយយើងសង្ឃឹមថាក្នុងឆ្នាំ២០១៤និង២០១៥នេះប្រជាពលរដ្ឋក្នុង ខេត្តកំពង់ឆ្នាំងនឹងមានជីវភាពធូរធារមួយកម្រិតថែមទៀតពីចំណូលផលស្រូវរបស់ពួកគាត់។ស្របតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាលខេត្តកំពង់ឆ្នាំងនឹងអាចនាំអង្ករមួយចំនួនទៅលក់នៅលើទីផ្សារអន្តេជាតិផងដែរ៕