បង្ក្រាបនិងដកហូតផលិតផលមានដើមកំណើតពីសត្វ និងផលិតផលចម្រុះពីរថយន្តកូរ៉េ១គ្រឿងនៅច្រកតំបន់បឹងត្រគួន មន្ត្រីមិនចុះសំរុងគ្នា

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖ ករណីបង្ក្រាបនិងដកហូតផលិតផលមានដើមកំណើតពីសត្វ និងផលិតផលចម្រុះពីរថយន្តកូរ៉េ ១គ្រឿងមានចំនួនជាង៤តោន(៤ ៤៤១គីឡូក្រាម) នៅច្រកព្រំដែនតំបន់បឹងត្រកួនភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ១ខែមិថុនា ឆ្នាំ២០២៣មន្ត្រីមិនចុះសំរុងគ្នា ដោយហេតុថា
មន្ត្រីបសុព្យាបាលនៃការិយាល័យបង្រ្កាបចលនាសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីកម្ទេចចោលតាមវិធានបសុពេទ្យ តែវត្ថុតាងខាងលើ ត្រូវរក្សាទុកនៅក្នុងបរិវេណសាលាគយចល័ត នៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យទៅវិញ។

ប្រភបប្រាប់ថា៖ ក្រុមអន្តរាគមការិយាល័យបង្រ្កាបចលនាសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ គយចល័តសាលាក្រហមនៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា កបប បានធ្វើការដកហូតផលិតផលមានដើមកំណើតពីសត្វ និងផលិតផលចម្រុះពីរថយន្តកូរ៉េ០១គ្រឿងម៉ាក HYUNDAI ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1626 ដែលមានម្ចាស់ឈ្មោះ លឹម ចាន់លាង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរស៊ីឈ្នួលដឹកទំនិញ ដែលមានលេខទូរស័ព្ទ 066703762 មានអាសយដ្ឋានបច្ចុប្បន្ន ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

ប្រភបដដែលបន្តប្រាប់ថា៖ សមត្ថកិច្ចចម្រុះ បានដកហូតផលិតផលចម្រុះសរុប ៤ ៤៤១គីឡូក្រាមមានដូចខាងក្រោម៖ ១-ពោះតាន់ជ្រូក ចំនួន ១១កេះ ស្មើនឹង ៤៤០គីឡូក្រាម (១កេះ ស្មើនឹង ៤០គីឡូក្រាម) ២-ជើងទា ចំនួន២១កេះ ស្មើនឹង ៥២៥គីឡូក្រាម (១កេះ ស្មើនឹង ២៥គីឡូក្រាម) ៣-ប្រហិតសាច់មាន់ ចំនួន ២៣កេះ ស្មើនឹង២៧៦គីឡូក្រាម (១កេះស្មើនឹង ១២គីឡូក្រាម) ៤-ខ្យងប៉ារ៉ា ចំនួន ៤០កេះ ស្មើនឹង ២០០ថង់ ស្មើនឹង ២០០គីឡូក្រាម ៥-សាច់មឹក ចំនួន ១០០កេះ ស្មើនឹងចំនួន ១ ០០០ថង់ ស្មើនឹង ១ ០០០គីឡូក្រាម ៦-ត្រីសាបាក់ ចំនួន ២០០កេះ ស្នើនឹង ២ ០០០គីឡូក្រាម ។

ចំពោះវត្ថុតាងខាងលើ គឺសមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូត រួចគោរពស្នើសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីកម្ទេចចោលតាមវិធានបសុពេទ្យ (ដោយវត្ថុតាងខាងលើ ត្រូវរក្សាទុកនៅក្នុងបរិវេណសាលាគយចល័ត នៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ សាលាក្រហម ស្ថិតក្នុងភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ)រងចាំដើម្បីអនុវត្តតាមវិធានបសុពេទ្យ៕