កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សម្តេចតេជោ សែន ហ៊ុន បាននាំមកនូវសុខសន្តិភាព និងសមិទ្ធផលរីកចម្រើន ជូនប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តបុទុមមុនីវ័ន (វត្តស្តៅលើ) ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់លោកយាយ លោកតា ពុកម៉ែ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារសុខសន្តិភាព ឱ្យបាននៅគង់វង្ស ស្ថិតស្ថេរជារៀងដរាប ដេីម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ផងដែរ ។
ក្នុងពិធីនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសដ៏ឆ្នើម បានពុះពារឆ្លងកាត់ឧបសគ្គ ក្នុងការស្វែងរកសន្តិភាព រក្សាស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ឱ្យមានការរីកចម្រើនឥតឈប់ឈរ និងបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើង ជាពិសេសបានជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ផ្សារ វត្តអារាម សាលារៀន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដេីម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ និងបង្ខិតទីជនបទ ឱ្យមានជីវភាពប្រហាក់ប្រហែលទៅនឹងទីប្រជុំជន ។
ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានបន្តថា សមិទ្ធផលដែលធំជាងគេ គឺសន្តិភាព ព្រោះថាមានសន្តិភាព ទេីបមានការអភិវឌ្ឍរីកចម្រើន ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យជាច្រើន ជាពិសេសគឺការគិតគូរពីសុខទុក្ខរបស់ប្រជាជន ក្នុងនោះក៏មានការផ្ដល់នូវសេវាគាំពារសង្គម ផ្តល់ប័ណ្ណសមធម៌ ប័ណ្ណ ប ស ស ឬប័ណ្ណអាទិភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ផងដែរ ៕