ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០គ្រួសារ នៅស្រុកអង្គរជុំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

តសៀមរាប៖ ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា តណណាងដ៍ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះជួបសំណេះសំណាលសួរសុខទុក្ខ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០គ្រួសារ នៅស្រុកអង្គរជុំ (រលំ១ខ្នង របើកដំបូល៩ខ្នង) កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖
ឃុំចាឈូក ៤ខ្នង (រលំ១ខ្នង របើកដំបូល៣ខ្នង)
ឃុំតាសោម ៤ខ្នង (របើកដំបូល៤ខ្នង)
ឃុំស្រែខ្វាវ ២ខ្នង (របើកដំបូល២ខ្នង)
ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅបរិវេណសាលាស្រុកអង្គរជុំ នាព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្តមបានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវវស្សាបានចូលមកដល់ហើយ ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ ហើយបើមានអាការៈមិនស្រួលសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

នាឱកាសនេះដែរឯកឧត្តមបានបន្តថា មានសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ យើងគ្រប់គ្នារស់នៅក្រោមម្លប់សន្តិភាព ហេតុនេះសូមរួបរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស ដោយលោកយាយ លោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារមាន៖
គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។

គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។