កំពង់ចាម: ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែងប្រាប់ ប្រធាន អនុប្រធាន ក្រុមបក្សទូទាំងស្រុកព្រៃឈរ ត្រូវក្តាប់ឱ្យជាប់អំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន និងក្តាប់ឱ្យបានផែនការសកម្មភាពដ៏ត្រឹមត្រូវរបស់គណបក្សខេត្ត រួមនឹងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើកន្លងមកប្រកបដោយភាពជោគជ័យ ការថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុកព្រៃឈរ ប្រមាណជាង៨០០០នាក់ មកពីឃុំចំនួន១៥ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក គណៈអចិន្ត្រៃយ៍បក្សខេត្ត មន្ត្រីគណបក្សមូលដ្ឋាន មន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងសកម្មជនគណបក្សដែលមានអ្នកចូលរួមប្រមាណជាង ៨០០០នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី បានថ្លែងថា ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុតលើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន ។
ជាមួយគ្នានោះ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី បានថ្លែងប្រាប់ ប្រធាន អនុប្រធាន ក្រុមបក្សទូទាំងស្រុកព្រៃឈរថា ចំពោះគោលនយោបាយយុទ្ធសាស្ត្ររបស់គណបក្ស ត្រូវក្តាប់ឱ្យបានច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺការបោះឆ្នោត៥ឆ្នាំម្តង ប្រកបដោយភាពជោគជ័យ ។ និងសូមឱ្យបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ ៕