ខេត្តកែប៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលខេត្តកែប គាំទ្រដោយក្រុមហ៊ុនកូកាកូឡាកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ជូនដល់សាលាបឋមសិក្សា ប៊ុនរ៉ា ហ៊ុនសែន ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ងិន ងិនដា អភិបាលស្ដីទីនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋទូទាំងខេត្ត គណៈគ្រប់គ្រង និងសិស្សានុសិស្សសាលាបឋមសិក្សា ប៊ុនរ៉ានីហ៊ុន សែន ដំណាក់ចង្អើរ ក្រុងកែប ចំនួនប្រមាណ ៣៨០ រូប។
តំណាងក្រុមហ៊ុនកូកាកូឡាកម្ពុជា បានបញ្ជាក់ថា ការផ្ដល់ប៉មចម្លោះទឹកស្អាត និងម៉ាស៊ីនអនាម័យនេះ ក្នុងន័យកាត់បន្ថយការចំណាយ របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងសាលា និងសហគមន៍ ដើម្បីបានប្រើប្រាស់ទឹកស្អាត និងមានអនាម័យ ប្រកបដោយគុណភាព ព្រមទាំងអប់រំណែនាំពីរបៀប នៃការហូបស្អាត និងរស់នៅស្អាតដល់សិស្សានុសិស្ស និងសហគមន៍ផងដែរ។
លោក ងិន ងិនដា អភិបាលស្ដីទីនៃគណៈអភិបាលខេត្ត ក្រោមការដឹកនាំដោយផ្ទាល់ ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ក្រោមការចង្អុលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យខេត្តកែប ក្លាយជាខេត្តទេសចរណ៍ល្អប្រណិត ទទួលបានជ័យលាភីលើការប្រឡងប្រណាំងជាច្រើន ធ្វើឲ្យភ្ញៀវទេសចរណ៍ ដែលមកសម្រាកកំសាន្តនៅខេត្តកែប មានកំណើន ទោះបីជាក្នុងបរិបទកូវីដ ១៩ មិនទាន់បានបញ្ចប់ទាំងស្រុងក៏ដោយ។ ទាំងនេះជាកត្តាធ្វើឲ្យមានកំណើននៃមុខរបរ សេដ្ឋកិច្ចមានកំណើន និងកាត់បន្ថយបានភាពក្រីក្រ ជាបន្តបន្ទាប់។
ក្នុងពិធីសម្ពោធនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់រូបភាព ដោយបានគៀងគរពីគ្រប់វិស័យឯកជន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្ដែងគម្រោងប៉មចម្រោះទឹកស្អាតនិងម៉ាស៊ីនអនាម័យនេះក្រោមការឧបត្ថម្ភអំពីក្រុមហ៊ុនកូកាកូឡាកម្ពុជានិងកិច្ចសហប្រតិបត្តិការគម្រោង Plane water បានរៀបចំឲ្យមាន សម្រាប់ដាក់ឱ្យប្រើប្រាស់ ក្នុងគោលបំណងកាត់បន្ថយការចំណាយទិញទឹកស្អាតប្រើប្រាស់ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងសហគមន៍។ ព្រមជាមួយនោះឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានប្រគល់ជូនធុងសំរាមចំនួន 10 ធុង និងបានដាំដើមឈើ ជានិមិត្តរូប ក្នុងបរិវេណសាលាបឋមសិក្សានេះផងដែរ៕