មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍បានផ្សព្វផ្សាយបទបញ្ជារពិសេសបស់សម្ដេចតេជោហ៊ុនសែននាពេលថ្មីៗកន្លងមកនេះ នៅតែបន្តមានសុពលភាពក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងបរិយាកាសដែលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម និងការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូនក្នុងរយៈពេលកន្លងមក និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍  ៖ទី១.យោធិនគ្រប់រូប ប្តេជ្ញាគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការទប់ស្កាត់និងបង្ក្រាប រាល់អំពើទាំងឡាយណាដែលមានចេតនាបង្ករចលាចល បំផ្លាញសុខសន្តិភាព និងសណ្តាប់ធ្នាប់ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ។ ទី២. យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត នឹងទី៣ ត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព  ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ  ឲ្យទទួលបានជោគជ័យ៕