កំពង់ចាម : ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានថ្លែងថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាព
នយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។ ការ ថ្លែង បែប នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្ស សរុប ៧៣៩៦នាក់ មក ពី ឃុំ ចំនួន ៧ ក្នុង ស្រុក កំពង់សៀម នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និង ថ្នាក់ ដឹកនាំ ជា ច្រើន រូប ទៀត ។
ក្នុង ឱកាស នោះ ដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន គូស បញ្ជាក់ ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើនទៀតមានដូចជា ជោគជ័យនៃការរៀបចំការបោះឆ្នោតជាច្រើនអាណត្តិតាមលទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ហើយគណបក្សប្រជាជនកម្ពុជា តែងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់។ រាជរដ្ឋាភិបាល ទទួលបានជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមជាតិ និងអន្តរជាតិ ចំពោះយុទ្ឋនាការស្រោចវ៉ាក់សំាងកូវីដ១៩ នៅទូទាំងប្រទេសប្រកបដោយប្រសិទ្ឋិភាព ការពារបាននូវអាយុជីវិតប្រជាជនពីជម្ងឺដ៏កាចសាហាវនេះ និងបានបើកប្រទេសឡើងវិញ ដំណើរការសេដ្ឋកិច្ច សង្គមជាប្រក្រតី។ លើសពីនោះ ជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ធ្វើឲ្យអន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន សង្កត់ ធ្ងន់ថា ថ្មីនេះរាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីកពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា “ព្រែកជីកហ្វូណន តេជោ” ដែលនឹងផ្តល់អត្ថប្រយោជន៏ដ៏ច្រើនដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។ សមិទ្ឋផលទាំងអស់នេះ សុទ្ឋតែកើតឡើងក្រោមមគ្គុទេសគ៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូចនេះ យើងទាំងអស់គ្នាត្រូវតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ផងដែរ ៕





































