ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បំពាក់មេដាយកិត្តិយសការពារជាតិ ជូនអតីតយុទ្ធជនជាង១០០នាក់ ដើម្បីរំលឹកពីគុណបំណាច់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

0

ខេត្តព្រះវិហារ៖ សមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ១០៦នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ ក្នុងការតស៊ូធ្វើសឹកសង្គ្រាមការពារបូរណភាពទឹកដី និងការនាំកម្ពុជា ឲ្យទទួលបាននូវសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តចតេជោ ហ៊ុន សែន នាពេលកន្លងទៅនោះ នៅថ្ងៃទី៥មិថុនា២០២៣នេះ ទទួលបានការយកចិត្តទុកដាក់ និងការបំពាក់មេដាយកិត្តិយសការពារជាតិ ទុកជាការលើកទឹកចិត្តពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។ ពិធីនេះបានធ្វើឡើង នៅទីបញ្ជាការផ្នែកសឹករងត្បែងមានជ័យ ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង ដោយសម្តែងនូវអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ការពារជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយ សម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង កោតសរសើរនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនកម្ពុជា ទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោមេបញ្ជការ ក៏បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនអតីតយុទ្ធជនកម្ពុជា ១០៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ថែមទៀតផង៕ដោយ៖ឡុង សំបូរ