ស្រវឹងស្រាទាស់ពាក្យសម្តីជាមួយឪពុកមា មន្ត្រីប៉ូលីសម្នាក់ផ្ទុះអាវុធជាង១០គ្រាប់បាញ់ចូលក្នុងផ្ទះ

0

សៀមរាប៖  មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាបម្នាក់ បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយឪពុកមា។
យោងតាមរបាយការណ៍កងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៥៨នាទី ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២៣ មានករណីផ្ទុះអាវុធកាំភ្លើងAk៤៧ប្រហែលជាង១០គ្រាប់នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបង្កឡើងដោយឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាបរស់នៅភូមិគោកចាន់ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍បន្តថា នៅមុនពេលកើតហេតុជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំភូមិកើតហេតុខាងលើ។ក្រោយទាស់ពាក្យសំដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើងវែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញគំរាមឪពុកមាជាច្រើនគ្រាប់។
បន្ទាប់ពីធ្វើសកម្មភាព ជនសង្សយ័ត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួនយកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕