អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

0

សៀមរាប÷ វគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង ប្រាសាទ ទៅដល់ក្រុមការងារ តាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ រៀបចំដោយអាជ្ញាធរជាតិអប្សរា។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។ ឯកឧត្តមបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹងមានចំណែក ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។ ដូច្នេះ ក្នុងកាតព្វកិច្ចដែលខ្លួនកំពុងបំពេញ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរជាដរាប។

ឯកឧត្តម ឡុង កុសល បន្តថា មន្រ្តី និងបុគ្គលិកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹងរៀនសូត្រពីកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក និងព្រៃឈើ  ស្វែងយល់ពីផែនទីហានិភ័យនៅតាមប្រាសាទនីមួយៗជាដើម ដែលចំណុចទាំងអស់នេះ គឺក្រុមការងារខាងលើមានតួនាទីសម្របសម្រួលជាមួយផ្នែកជំនាញ ដទៃទៀតដើម្បីដោះស្រាយបញ្ហា ក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ លើកកម្ពស់គុណភាព សេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ មិថុនា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់៕