អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់ ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយប្រសិទ្ធភាព

0

សៀមរាប៖ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ អំពីភាពជាដៃគូគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (The Angkor Water Resilience Project)។

គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែកលើរយៈពេលនៃការអនុវត្តរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា គម្រោងនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាពដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។

គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ជាគម្រោងទី៤ហើយដែលប្រទេសនូវែលសេឡង់បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដែលក្នុងនោះត្រូវបានអនុវត្តជាបន្តបន្ទាប់មានដូចជា៖
– ទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan)

– ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor Participatory Natural Resource Management & Livelihoods) ហៅកាត់ថា APNRM&L

– ទី៣ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គ (Angkor Community Heritage and Economic Advancement) ដែលហៅកាត់ថា ACHA៕