ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រាប់ប្រធាន អនុប្រធានក្រុមបក្សស្រុកស្រីសន្ធរ ត្រូវយល់ឲ្យច្បាស់ពីគោលនយោបាយ និងផែនការសកម្មភាពរបស់គណបក្ស

0

កំពង់ចាម: ក្នុងពិធីសម្ភោធអគារស្នាក់ការគណបក្សឃុំទាំង៩ និងសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្សមកពីឃុំទាំង១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានថ្លែងប្រាប់ ប្រធាន អនុប្រធានក្រុមបក្សទាំងអស់ ត្រូវក្តាប់ឲ្យជាប់ និងយល់ឲ្យច្បាស់ពីគោលនយោបាយជាយុទ្ឋសាស្ត្រ ក៏ដូចជាផែនការសកម្មភាពរបស់គណបក្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការដណ្តើមជ័យជំនះលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុននេះ។

ក្នុងឱកាស់នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។ ដូចនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ដែលរកបានដោយកម្រនេះឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ពិសេសត្រូវបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើនទៀតមានដូចជា ជោគជ័យនៃការរៀបចំការបោះឆ្នោតជាច្រើនអាណត្តិតាមលទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស តែងទទួលបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់។ រាជរដ្ឋាភិបាល ទទួលបានជោគជ័យ ចំពោះយុទ្ឋនាការស្រោចវ៉ាក់សំាងកូវីដ១៩ នៅទូទាំងប្រទេសប្រកបដោយប្រសិទ្ឋិភាព ការពារបាននូវអាយុជីវិតប្រជាជនពីជម្ងឺដ៏កាចសាហាវនេះ និងបានបើកប្រទេសឡើងវិញ ដំណើរការសេដ្ឋកិច្ច សង្គមជាប្រក្រតី។ លើសពីនោះ ជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ធ្វើឲ្យអន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត, ថ្មីនេះ រាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីកពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា “ព្រែកជីកហ្វូណន តេជោ” ដែលនឹងផ្តល់អត្ថប្រយោជន៏ដ៏ច្រើនដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។ សមិទ្ឋផលទាំងអស់នេះ សុទ្ឋតែកើតឡើងក្រោមមគ្គុទេសគ៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ៕