ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា ក្រើនរំលឹកឱសថការីទាំងអស់ត្រូវពង្រឹងក្រមសីលធម៌ខ្លួនឯងសម្រាប់ដាស់តឿនការអនុវត្តតួនាទីវិជ្ជាជីវៈកុំឲ្យខុសច្បាប់និងលើកទិសដៅ

0

កំពង់ធំ÷ ឯកឧត្តមឱសថការី បាន បុត្រា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី២ លោក ប៉ឹក គឹមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងងឯកឧត្តម លោកជំទាវ លោក លោកស្រីជាច្រើនរូប បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ធំអាណត្តិទី២ និងលើកទិសដៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ធំ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣។

លោក ប៉ឹក គឹមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត កំពង់ធំ បានលើកឡើងពីសកម្មភាពសម្រាប់ទិសដៅឆ្នាំ២០២៣នេះ ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល មន្ទីរសុខាភិបាលខេត្តកំពង់ធំ នឹងខិតខំបន្តផ្ដោតលើការបង្កើនការសម្រាលកូនដោយឆ្មបជំនាញ ពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងសេវាថែទាំទារក។ ពង្រីកសេវាផ្តល់មធ្យោបាយពន្យាកំណើត បង្កើនអត្រាគ្របដណ្ដប់នៃការផ្តល់ថ្នាំបង្ការ និងពង្រីកការគ្របដណ្តប់ការកែលំអរគុណភាពសេវាថែទាំព្យាបាលជម្ងឺឆ្លង និងជម្ងឺរ៉ាំរ៉ៃ សុខភាពមាត់ធ្មេញ ព្រមទាំងបង្កើនប្រសិទ្ធិ ភាពអន្តរាគមន៏សុខភាពសាធារណៈ។ បន្តពង្រីកប្រព័ន្ធសុខាភិបាល ដូចជាពង្រីកហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព បំពាក់ឧបករណ៍បរិក្ខារពេទ្យ បច្ចេកវិទ្យា អភិវឌ្ឍពត៌មានវិទ្យា ពង្រឹងមូលនិធិសមធម៌ ពង្រឹងការងារគ្រប់គ្រងលើវិស័យឯកជន និងបន្តអប់រំផ្សព្វផ្សាយពីក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងបន្តពង្រីកកិច្ចសហការល្អជាមួយស្ថាប័ណ្ណពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍ។

ឯកឧត្តមឱសថការី បាន បុត្រា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការកោតសរសើរដល់មន្ទីរសុខាភិបាលខេត្តកំពង់ធំ ពិសេសក្រុមប្រឹក្សាឱសថការីដែលបានចូលរួមសហការជាមួយអាជ្ញាធរដែនដីមូលដ្ឋាននានានៅក្នុងខេត្ត ដើម្បីចូលរួមបង្ក្រាបនិងលុបបំបាត់ឱសថក្លែងក្លាយ នៅតាមឱសថស្ថាន ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយដល់ឱសថការីក្នុងការធ្វើអាជីវកម្មវិស័យសុខាភិបាលត្រូវមានអាជ្ញាប័ណ្ណច្បាស់លាស់។ ឯកឧត្តមឱសថការី បាន បុត្រា បានសង្កត់ធ្ងន់ថា អង្គសន្និបាតនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះសមាជិកសមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុសម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណ តាមលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ បន្តបបង្កើនចំណេះដឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្ដល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជនស្របតាមក្រមសីលធម៌បទដ្ឋានច្បាប់ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

ឯកឧត្តមឱសថការី បាន បុត្រា បានផ្ដាំផ្ញើដល់លោក ជិន ប៉ូលីណា ប្រធានក្រុមប្រឹក្សាគណៈឱសថការី អាណត្តិទី៣ បានជាប់ឆ្នោតជាប្រធានថ្មីក្នុងអាណត្តិទី៣ និងឱសថការីដែលបានបើកឱសថស្ថាននានា នៅគ្រប់ទីកន្លែងក្នុងខេត្តទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយចំពោះឱសថការីណាពុំទាន់មានអាជ្ញាប័ណ្ណ ត្រូវធ្វើអាជ្ញាប័ណ្ណព្រមទាំងរួមគ្នារ៊លុបបំបាត់នៅឱសថក្លែងក្លាយដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកទិញ និងអ្នកយកទៅប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ក៏បានរំលឹកឲ្យសមាជិកសមាជិការ គណៈឱសថការីខេត្តកំពង់ធំទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។

សូមបញ្ជាក់ថា សមាជិកដែលត្រូវមកបោះឆ្នោតមានចំនួន៤៨នាក់ អ្នកឈរឈ្មោះបោះឆ្នោតប្រធានក្រុមប្រឹក្សាគណៈឱសថការីនៃខេត្តកំពង់ធំ មានបេក្ខភាព០៦រូប បន្ទាប់ពីបោះឆ្នោតរួច ជាប់ជាលទ្ធផលបានទៅលើលោកឱសថការី ជិន ប៉ូលីណា បានជាប់ឆ្នោតជាប្រធានថ្មីសម្រាប់អាណត្តិទី៣៕