ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ និងក្រុមការងារចុះជួយ ក្នុងឃុំស្ទឹងត្រង់

0

(ប៉ៃលិន)៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជួប​សំណេះ​សំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ  និងក្រុមការងារចុះជួយបក្សភូមិចំនួន ១៦ភូមិ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋានផ្ទាល់ ដើម្បី​ត្រៀមយកប្រៀបឈ្នះសម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមាន​ប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនៅក្នុងជួរបក្ស និងលើក​កម្ពស់​ស្មារតីសកម្មភាព ទាំងនយោបាយសតិអារម្មណ៍ និងចាត់តាំងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវបន្តខិតខំធ្វើ​សកម្មភាពឥតថមថយ ប្រកបដោយប្រសិទ្ធភាព ទាំងក្នុងការអនុវត្ត កម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹង​គណ​បក្ស ទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយបន្តដោះស្រាយ និងព្យាយាមលុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការរក្សាកម្លាំងចាស់ និងពង្រីកកម្លាំងថ្មី ដែលគ្រប់អាយុបោះ​ឆ្នោត ដើម្បីធានាបានមូលដ្ឋានរឹងមាំ និងសម្រេចគោលដៅរបស់បក្ស គឺយកប្រៀបឈ្នះការបោះឆ្នោត គ្រប់ៗអាណត្តិ ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើង​ថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ មានការកែ​ទម្រង់ស៊ីជម្រៅ ទូលំទូលាយ និងបានជំរុញអនុវត្តដោយ ឆន្ទៈ​មុតស្រួច មានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិ នៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខ​នឹង​ជំងឺរាតត្បាតកូវីដ១៩ សង្គាមនៅអ៊ុយក្រែនក៏ដោយ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្តថា៖ ដោយឡែកគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ ដែលមានលោកជំទាវ បាន ស្រីមុំ ជាប្រធាន នាពេលកន្លងបានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធ​នឹង​ការ​រីករាលដាលជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធ​ផល​​គួរ​ជា​ទីមោទនៈ ជាពិសេសក្រុមការងារគណបក្សគ្រប់ថ្នាក់ បានអនុវត្តនូវភារកិច្ចសំខាន់ៗជាច្រើន តាមសេចក្តី​សម្រេច​ស្តី​ពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ដើម្បីបន្តពង្រឹងការជឿជាក់ និងមានការ​គាំទ្ររបស់​ប្រជាពលរដ្ឋ​​មកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សគ្រប់​លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការ​ពង្រឹងពង្រីក​សមាជិកបក្ស, ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, បន្ត​ពង្រឹង​អភិបាល​កិច្ចល្អ​នៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ,និង ការពង្រឹងរដ្ឋបាល​ឃុំ សង្កាត់ និង ភូមិ ៕​

អត្ថបទ ភ្នំខៀវ ប៉ៃលិន