សមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន

0

(កំពង់ធំ)÷ ឯកឧត្តម ជា ចាន់តូទេសាភិបាលធនគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងសមិទ្ធផលនានាក្នុងមណ្ឌលសុខភាពតាំងក្រសាំង ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ។

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងសមិទ្ធផលមួយចំនួននៅមណ្ឌលសុខភាពតាំងក្រសាំង ក៏មានការអញ្ជើញចូលរួមឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក យូន សុកម៉ូ អគ្គនាយករងនៃធនាគារអ៊ូរី ប្រទេសកូរ៉េទទួលបន្ទុកក្រុមធុរកិច្ចសកល និងសហការី ឯកឧត្តម លោកជំទាវប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើនរូបបានចូលរួមយ៉ាងច្រើនកុះករ។

លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានលើកឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ព្រមទាំងការចង្អុលចុះជូនអនុសាសន៍ ល្អៗរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយផ្តោតសំខាន់ទៅលើបញ្ហាអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព បានជំរុញឲ្យរដ្ឋបាលស្រុកសន្ទុក បានពុះពារដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្នុងស្រុក ឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេសរដ្ឋបាលស្រុកបាន ត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីក្តាប់សភាពការណ៍រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងស្រុក ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះថែមទៀតផង។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា អគារមណ្ឌលសុខភាពតាំងក្រសាំងនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ជា ចាន់តូ បានបន្តទៀតថា សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប មានសុខភាពល្អ គឺមានអ្វីៗគ្រប់យ៉ាង ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អជាប្រចាំដោយត្រូវមានការរស់នៅល្អ មានអនាម័យ ការហូបចុកគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ។ ទោះយ៉ាងណាការអនុវត្តបែបនេះ មិនមែនមានន័យថាយើងមិនឈឺនោះទេ ។ ការពិនិត្យសុខភាពជាប្រចាំ និងការតាមដានសុខភាពនៅពេលយើងឈឺ ដោយទៅជួបគ្រូពេទ្យ នឹងអាចជួយឲ្យស្ថានភាពបានប្រសើរឡើងសមដូចពាក្យបុរាណមួយបានពោលថា(ការពារប្រសើរជាព្យាបាល)។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានថ្លែងអំណរគុណដល់ ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់មណ្ឌលសុខភាព ដើម្បីទុកជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា និងសូមថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ជាពិសេសធនាគារអ៊ូរី ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍសង្គម ក្នុងការផ្តល់ជាថវិកាកសាងមណ្ឌលសុខភាពមួយនេះ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ និងខិតខំថែរក្សាការពារសមិទ្ធផលនេះឲ្យបានគង់វង្ស ទុកជាសម្បត្តិរួមតរៀងទៅ ។