ជប៉ុនវិនិយោគ ដាំដំណាំម្ទេស នាំចេញក្រៅប្រទេស ក្នុងមួយខែ៥០០តោនជារៀងរាល់ខែ

0

សៀមរា៖ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារបាននាំអ្នកវិនិយោគជនជាតិ ជប៉ុន លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដី៧២ហិកតាជំហានទី០១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣។
លោក NABESHIMA KATSUHITO បានអោយដឹងថា៖ កសិដ្ឋាននេះគឺជាបច្ចេកទេសថ្មីហើយនិងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ។ លោកបានបញ្ជាក់ បច្ចុប្បន្ននេះមាននាក់បញ្ជាទិញ ក្នុងមួយខែរហូតដល់៥០០តោន ជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេគឺនាំចេញទៅក្រៅប្រទេស។ យើងត្រូវការបុគ្គលិកបង្គោលដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាពនិងស្តង់ដានាំចេញព្រមទាំងត្រូវការកម្លាំងកម្មករជាច្រើននាក់ ក្នុងការប្រមូលផល កសិដ្ឋាននេះនិងជួយឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។

កសិដ្ឋាននឹងបង្រៀនអំពីបច្ចេកទេសនៃការដាំម្ទេសឲ្យត្រូវនឹងស្តង់ដារនាំចេញទៅក្រៅប្រទេសដល់ប្រជាកសិករ។ចំពោះពលរដ្ឋដែលមានដី សម្រាប់ដាំដំណាំម្ទេស លោក NABESHIMA KATSUHITO សន្យាបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជនិងទទួលទិញនៅផលដំណាំរបស់ប្រជាកសិករផងដែរ។
លោកសង្ឃឹមថា៖ កសិដ្ឋាននេះនិងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវនិងរៀនសូត្រពីកសិដ្ឋានបាន។
យើងនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី៧២ហិកតា ជាជំហានដំបូងនិងធ្វើជំហានបន្តបន្ទាប់ទៀតដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ថាពេលដែលកសិដ្ឋាននេះបានដំណើរការយើងនឹងមានអ្នកកុម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។លោកបញ្ជាក់ថា៖ តម្រូវការ ៥០០តោន ក្នុងមួយខែគឺយើងត្រូវការផ្ទៃដី ២០០ហិកតាទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន ៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។
លោក NABESHIMA KATSUHITO លើកឡើងថា៖ កសិដ្ឋានមួយនេះអាចដំណើរការទៅបានអាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម ទើបអាចដំណើរការទៅបានដោយរលូន។
ទៅថ្ងៃអនាគតវានឹងបង្ហាញឲ្យពិភពលោកដឹងថាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាគឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនិងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។
ពេលចាប់ផ្ដើមផលិតបានយើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេស(ទឹកម្ទេស) នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ានគឺចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរស់ជាតិ។
ការផលិតទ្រង់ទ្រាយធំបែបនេះក៏ដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។
យើងត្រូវផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឲ្យបានទាន់ពេលវេលាហើយនិងមានជារៀងរាល់ខែ បើគេត្រូវការរាលសប្តាហ៍យើងផ្គត់ផ្គង់រាល់សប្តាហ៍គេត្រូវការរាល់ខែយើងផ្គត់ផ្គង់រាល់ខែ ពេលនោះនាក់បញ្ជាទិញនិងមកបន្ថែមទៀតជាក់ជាមិនខាន។លោក NABESHIMA KATSUHITOក្នុងនាមជាអ្នកជំនាញមួយរូបលោកដឹងថាបច្ចុប្បន្នជីកំពុងតែឡើងថ្លៃ ដូច្នេះយើងអាចកែច្នៃវត្ថុធាតុដើមនៅក្នុងមូលដ្ឋានឲ្យទៅជាជី ដើម្បីប្រើប្រាស់នៅក្នុងមូលដ្ឋានផ្ទាល់ដោយមិនបាច់នាំជីចូលពីក្រៅប្រទេស វានឹងកាត់បន្ថយថ្លៃដើមក្នុងការផលិត។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានកោតសរសើរដល់លោក សោម សមស័ក្ក ដែលបាននាំនាក់វិនិយោគផ្នែកកសិកម្ម មកវិនិយោគក្នុងមូលដ្ឋានរបស់លោក និង ថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំខេត្តសៀមរាប លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមាកការងារធ្វើរបានកាន់តែច្រើន៕