ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ “សម័យតេជោសន្តិភាព” ដែលបានចាប់កកើតឡើងពីចុងឆ្នាំ៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ

0

កំពង់ចាម: ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា “សម័យតេជោសន្តិភាព” ដែលបានចាប់កកើតឡើងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ ឯកភាពទឹកដី និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រមទាំងរាជរដ្ឋាភិបាលតែមួយ បន្ទាប់ពីជម្លោះបែកបាក់អស់រយៈកាលជាង ៥០០ ឆ្នាំ នៅក្នុងដានប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទាំងនេះ គឺជាអ្វីដែល សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានប្រកបដោយវីរភាពលះបង់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំង ១៧លាននាក់។ ការថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានា ក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានផ្តល់ការគោរព និងបដិបត្តិតាមបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១. ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ, ទី២. សាសនា គឺការសង្គ្រោះវិស័យសាសនាឱ្យរស់ឡើងវិញនៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ, និងទី៣. គឺព្រះមហាក្សត្រ ដោយក្នុងនេះ ថ្នាក់ដឹកនាំគណបក្សបានចូលរួមតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជាបានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ៕