ពិធីដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសក្រហមដែលមានប្រវែង១.០៥០ម៉ែត្រ ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំឆ្នាំ២០២៣ របស់ឃុំសាមគ្គី

0

(កំពង់ធំ)៖ លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានថ្លែងប្រាប់ទៅម្ចាស់លទ្ធកម្មឃុំ(សូមកុំខិតខំបំប៉ោងគម្រោង សូមឲ្យខិតខំបង្កើនបរិមាណសមិទ្ធិផលវិញ) ដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកអភិបាលរងស្រុក បានលើកឡើងដូច្នេះ ក្នុងពេលអញ្ជើញចូលរួមជាអធិបតីដែលជា តំណាងដ៏ខ្ពង់ខ្ពស់ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងសហការី ព្រមទាំងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត អញ្ជើញក្នុងពិធីដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសក្រហមដែលមានប្រវែង១០៥០ ម៉ែត្រក្នុងដំណើរការដេញថ្លៃមូលនិធិឃុំឆ្នាំ២០២៣ របស់ឃុំសាមគ្គី នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ដោយសារតែចង់បង្កើនបរិមាណ ពង្រីកសមិទ្ធិផល នៃដំណើរការអភិវឌ្ឍនតាមបណ្តាឃុំ លោក សេង សារ៉ាតចូលរួមជាពិនិត្យ និងសម្របសម្រួល ដោយផ្ទាល់នូវដំណើរការដេញថ្លៃមូលនិធិឃុំឆ្នាំ២០២៣ ក្នុងគម្រោងដេញថ្លៃ ឱ្យមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសាមគ្គី។

នៅក្នុងឱកាសនោះ លោកអភិបាលរងស្រុក បានសង្កត់ធ្ងន់ ទៅលើការកែប្រែធ្វើឲ្យដំណើការដេញថ្លៃ ប្រកបដោយក្រមសីលធម៌ តម្លាភាព និងគណនេ្យភាពក្នុងគោលបំណង បង្កើនបរិមាណ ពង្រីកសមិទ្ធិផល នៃការអភិវឌ្ឍន៊តាមបណ្តាឃុំ/សង្កាត់ ចៀសសវាងការដេញថ្លៃ ដោយមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនោះឡើយ។

លោក សេង សារ៉ាតអភិបាលរងស្រុក បានថ្លែងប្រាប់ឲ្យម្ចាស់លទ្ធកម្ម ឃុំ-សង្កាត់ពិនិត្យមើលផងដែរនូវការដេញថ្លៃក្នុងឆ្នាំនេះ មានការចុះថ្លៃយ៉ាងច្រើន ធ្វើឲ្យឆ្នាំនេះ សមិទ្ធិផលមានការកើនឡើងទ្វេរដង ខុសពីឆ្នាំមុន។ ដូច្នេះក្នុងការលើកគម្រោងឆ្នាំក្រោយ ត្រូវពិនិត្យមើល តម្លៃដេញបានក្នុងឆ្នាំនេះ ហើយលើកគម្រោងក្នុងកម្រិតប្រហាក់ប្រហែល សម្រាប់ដាក់ឲ្យដេញថ្លៃម្តងទៀត និងសូមកុំបំប៉ោងគម្រោង ធ្វើឲ្យអ្នកទទួលការមានការឃុបឃិតគ្នាប្រព្រឹត្តអំពើមិនប្រក្រតីនោះទៀត

គួរបញ្ជាក់ថាផ្លូវក្រាលគ្រួសក្រហមដែលបានដេញថ្លៃនេះមានប្រវែង១.០៥០ ម៉ែត្រ លូមួយកន្លែង នឹងលូមូលទោលមុខបីមួយម៉ែត្រ១កន្លែង ទទឹងដីស៦ម៉ែត្រ កម្ពស់ដី១.៨៥ ម៉ែត្រទទឹងគ្រួសក្រហម៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ មានទីតាំងភូមិថ្មី ភូមិត្រាច និងភូមិសំរោង ដែលមានតម្លៃប៉ាន់ស្មាន១៦៣.០៣៦.២៩១ រៀល បានទៅឈ្មោះក្រុមហ៊ុនដែលដេញថ្លៃនេះ(ជាម សៀង)។