ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស សមាជិកអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ២០៥នាក់ ដើម្បីរំលឹកពីគុណបំណាច់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ និងជួបសំណេះសំណាលជាមួយ អតីតយុទ្ធជនកម្ពុជា ខេត្តទាំង ២០៥នាក់ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក និងនៅថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានថ្លែងថា ពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជននាពេលនេះ គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ប្រកបដោយការគោរព និងដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេត្វជាតិ មាតុភូមិ រហូតទទួលបានសុខសន្តិភាពជូនប្រជាជនកម្ពុជា នៅទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលកន្លងមកបានយកចិត្តទុកដាក់ អំពីភាពសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនជាប្រចាំ និងតែងបានជួយសម្រួលទាំងកិច្ចការងារ និងរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនថែមទៀតផង។
នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែង ក្រើនរំលឹកដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវមានការជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រលើការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ,ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ លោកថា ទន្ទឹមនឹងការគាំទ្រនេះ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ ជាបន្តទៀត និងដើម្បីកសាងប្រទេសឲ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ២០៥នាក់ ដែលទទួលបានការបំពាក់មេដាយការពារជាតិ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕ដោយ៖ឡុង សំបូរ