(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន លោក សុង យ៉ុងហ្គឹន (SONG Youggun) នាយកប្រចាំប្រទេស របស់អង្គការ KOFIH កូរ៉េ បានដឹកនាំក្រុមការងារ ទទួលជួបសម្ដែការគួរសម និងពិភាក្សាការងារ ជាមួយលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស្លេះ យូរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត កឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ព្រមទាំងមន្ត្រីសុខាភិបាលជាច្រើនរូប។
បើតាមលោក សុង យ៉ុងហ្គឹន (SONG Youggun) តំណាងឱ្យអង្គការ KOFIH បានថ្លែងអំណរគុណជូនចំពោះ រដ្ឋបាលខេត្តប៉ៃលិន ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ដែលតែងតែសហការ និងផ្តល់ការគាំទ្រ ដល់ការអនុវត្តគម្រោងនានា ពិសេស ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ក្នុងខេត្តប៉ៃលិន ទាំងនេះសបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ។ជាមួយគ្នានេះ លោក ក៏បានប្ដេជ្ញា ថានឹងបន្ដកិច្ចសហការ ជាមួយរដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត និងស្នើសុំការគាំទ្របន្ថែមទៀត ទៅដល់ប្រតិបត្ដិការ និងសកម្មភាពការងារ ជាបន្ដបន្ទាប់ របស់អង្គការ KOFIHផងដែរ។
ជាការឆ្លើយតបលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សុង យ៉ុងហ្គឹន ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការពង្រីកគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង លើវិស័យសុខាភិបាលខេត្តប៉ៃលិន របស់អង្គការ KOFIH ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។ លើសពីនោះលោកអភិបាលរងខេត្ត ក៏បានប្ដេជ្ញាបន្ដសហប្រតិបត្ដិការនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀត។
លោកអភិបាលរងខេត្ត ក៍បានបញ្ជាក់ដែរថា៖ ការជួយរបស់អង្គការ KOFIH ពិតជាបានរួមចំណែកពង្រឹងគុណភាពសេវាថែទាំសុខភាព ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការរៀបចំប្រព័ន្ធតាមដានជំងឺជាដើម សំដៅកាត់បន្ថយអត្រាមរណភាព មាតា ទារក និងកុមារ ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល និងបានរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសបប្រកប ដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
សូមបញ្ជាក់ថា៖ អង្គការ KOFIH បានសហការគាំទ្រ ក្រសួងសុខាភិបាលកម្ពុជា សម្រាប់គម្រោងកម្មវិធីសំណុំសមាហរណកម្មសេវាសុខភាពមាតា និងទារក ចាប់តាំងពី ឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងពង្រីកបន្ថែមគម្រោងមួយចំនួនទៀតដូចជា កម្មវិធីឆ្លើយតបបន្ទាន់សម្រាប់សុខភាព កម្មវិធីពង្រឹងសមត្ថភាពការផ្តល់សេវា EmONC កម្មវិធីធ្វើឱ្យប្រសើរឡើងគុណភាពសេវា តាមរយៈការពង្រឹង និងគ្រប់គ្រងជំងឺមិនឆ្លង កម្មវិធីពង្រឹងសមត្ថភាពសម្រាប់សេវាថែទំាទារកទើបនឹងកើតផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន