ផ្អើលប្រទេសថៃ ដោយមានអ្នករៀបតុចិន ២០០តុ លៀងអោយវិញ្ញាណខ្មោច ក្រោយពីលាភសំណាងចូល

0

ប្រទេសថៃ÷មានការភ្ញាក់ផ្អើលពេញប្រទេសថៃ បន្ទាប់ពីមាននារីដ៏ស្រស់សោភាម្នាក់ បានរៀបចំតុចិនចំនួន២០០តុ និងបានដុតធូប ហៅវិញ្ញាណខ្មោច ព្រាយ បិសាច ចំនួន ២.០០០ ដួងវិញ្ញាណ អោយមកទទួលចំណីអាហារ ដែលខ្លួនបានរៀបចំអោយយ៉ាងអឹកធឹក នៅក្នុងឃុំណងរី ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ។
អ្នកនាង ថាត់វណ្ណ ច័ន្រ្ទហម ជាម្ចាស់តុចិនប្រចាំខេត្តឈុនបុរី បានបញ្ជាក់ថា នាងបានទទួលទូរស័ព្ទមួយខ្សែដែលបានកុម្មង់ម្ហូបចំនួន២០០តុ ដោយបានកក់ប្រាក់និងបានបញ្ជាក់ទីតាំងយ៉ាងត្រឹមត្រូវ ហើយក្នុងមួយតុមានម្ហូប៨មុខ ជាធម្មតា ។
លុះដល់ថ្ងៃកំណត់ ក្រុមតុចិនរបស់នាងក៏បានដឹកមករៀបចំតាមពេលកំណត់ ប៉ុន្តែនាងរកមើលរោងការមិនឃើញ ក៏បានសួរគេទើបដឹងថា តុចំនួន២០០នេះ គឺរៀបចំដើម្បីជប់លៀងអោយដួងវិញ្ញាណខ្មោច ព្រាយ បិសាច ចំនួន ២.០០០ដួងវិញ្ញាណ ដោយនាងបានសង្កត់ធ្ងន់ថា តាំងពីកើតមក ជាង២០ឆ្នាំហើយ នាងមិនដែលឮ និងមិនដែលឃើញទាល់តែសោះ ។
ជួបជាមួយអ្នកសារព័ត៌មាន កញ្ញា ផាត់រ៉ាដា រ:ខាំងថង បានបញ្ជាក់ថា កន្លងមកកញ្ញាតែងតែរៀបចំសែនដែរតែធ្វើបន្តិចបន្ទួចតែប៉ុណ្ណោះ ក្រោយពីមានការជោគជ័យទៅលើមុខជំនួញ ឬជោគជ័យទៅលើអ្វីមួយ ប៉ុន្តែលើកនេះដោយសារតែកញ្ញាបានបែរបន់សុំលេខឆ្នោតពីខ្មោច ព្រាយ បិសាច ហើយក៏បានត្រូវឆ្នោតជាតិរង្វានទី១ ចំនួន៤សន្លឹក ស្មើនិង ២៤ លានបាត ទើបកញ្ញាយកប្រាក់មួយចំណែក រៀបចំម្ហូបអាហារ ដោយដាក់តុចិន ជប់លៀងអោយវិញ្ញាណខ្មោចទាំងអស់បានសប្បាយម្តង។
ជាចុងក្រោយកញ្ញាបានបន្ថែមថា ម្ហូបដែលសែនរួច កញ្ញានឹងយកទៅចែកជូនអ្នកភូមិដែលខ្វះខាត ហើយនៅក្នុងនោះក៏មានតុមួយចំនួនដែរ ដែលមិនបានដុតធូបសែន ព្រោះទុកសម្រាប់អោយអ្មករាប់អានមួយចំនួនដែលបានអញ្ជើញចូលរួមក្នុងពេលនេះ ។ នៅពេលនោះដែរ កញ្ញាក៏បានដុតធូបបែរបន់ និងដោតតាមតុគ្រប់ទាំង២០០តុ ៕ អត្ថបទ ÷ ព្រាប.ស