​ជនរងគ្រោះ ធ្លាក់​យន្តហោះ MH១៧ នៅ​អ៊ុយ​ក្រែ​ន នៅតែ​មិន​ស្គាល់​អត្តសញ្ញាណ

0

​មន្ត្រី​ក្រសួង​សន្តិសុខ និង​យុត្តិធម៌ របស់​ប្រទេស ហូ​ឡង់​បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា ជនរងគ្រោះ ចំនួន ១១​នាក់​ផ្សេងទៀត​ក្នុង ឧ​ប្ប​តិ​ហេតុ​ធ្លាក់​យន្តហោះ ដឹក​អ្នកដំណើរ MH១៧ នៅ​ភាគ​ខាងកើត​ប្រទេស អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​បញ្ជាក់ អត្តសញ្ញាណ​ហើយ នៅ​សប្តាហ៍​នេះ ដោយឡែក ៣៦​នាក់​ចុងក្រោយ នៃ​ជន រងគ្រោះ ទាំងអស់ ២៩៨​នាក់ គឺ​គេ​មិនទាន់​ស្គាល់ ឈ្មោះ​នៅឡើយ​ទេ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែតុលា ឆ្នាំ​២០១៤​ថា ជនរងគ្រោះ​ចំនួន ១១​នាក់ ត្រូវបាន​គេ​កំណត់ អត្តសញ្ញាណ​ហើយ ក្នុងនោះ​មាន ០៨​នាក់ ជា​ជនជាតិ​ហូ​ឡង់​។​

​គួរ​រំលឹក​ផងដែរ​ថា យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH១៧ បាន​ធ្លាក់​កាលពី ថ្ងៃទី​១៧ ខែកក្កដា កន្លង​ទៅដោយ​ការ​មាន​គេ​បាញ់​ទម្លាក់ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន បណ្តាល​ឲ្យ​មនុស្ស​នៅលើ​នោះ​សរុប ២៩៨​នាក់​ស្លាប់​ទាំងអស់ ៕