(ប៉ៃលិន)៖ នៅសាលប្រជុំសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នា២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងេជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានអញ្ជើញជាគណអធិបតី ក្នុងពិធីបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រិត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលខេត្ត, ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត, លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការទឹសទី៣ ភូមិភាគ៥ ព្រមទាំងអភិបាលក្រុង/ស្រុក ជាច្រើនរូប។
មានប្រសាសន៍ក្នុងឪកាសនោះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានលើកឡើងថា៖ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងការបើកយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ដើម្បីអោយបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាអោយបានល្អ ដោយត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ លោកជំទាវ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាព ដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើន ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕ អត្ថបទ ភ្នំខៀវ ប៉ៃលិន