អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានចុះបង្ក្រាប និងរឹបអូសបានសត្វព្រៃជាច្រើនគីឡូក្រាម ព្រមទាំងឃាត់ខ្លួនស្ត្រីជួញដូរសត្វព្រៃម្នាក់ យកមកអប់រំ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា និងកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បានសហការជាមួយ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ បានឆ្មក់ចុះបង្ក្រាប រឹបអូសសត្វព្រៃរស់ និងសំណាកសត្វព្រៃបានជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនស្ត្រីសង្ស័យមេឈ្មួញជួញដូរសត្វព្រៃម្នាក់ យកមកអប់រំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងលំនៅដ្ឋានមួយកន្លែង  ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ត្រីសមត្ថកិច្ចនៅក្នុងការបង្ក្រាបបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបសកម្មភាពជួញដូរសត្វព្រៃខុសច្បាប់នោះ កម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូសយកបាន សត្វត្រកួតរស់ ១ក្បាល ទម្ងន់ ៤គីឡូក្រាម សត្វអណ្តើក ១ក្បាល ទម្ងន់ ១.៥គីឡូក្រាម និងសំណាកសត្វក្តាន់ញ៉ែង ១ក្បាល ទម្ងន់ ១.២គីឡូក្រាម សរុបសត្វព្រៃទាំង ៣ប្រភេទ មានទម្ងន់ ៦.៧គីឡូក្រាម។

មន្ត្រីដដែលបានបញ្ជាក់ថា សត្វព្រៃដែលដកហូតបានទាំង ៣ប្រភេទ មានទម្ងន់ជាង ៦គីឡូក្រាមនេះ គឺបានរកឃើញនៅក្នុងផ្ទះស្ត្រីម្នាក់ ឈ្មោះ ជីម ញ៉ញ អាយុ ៥៦ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកខាងលើ។

ក្រោយការបង្ក្រាបសត្វព្រៃរស់ សំណាកសត្វព្រៃ និងស្ត្រីសង្ស័យជួញដូរសត្វព្រៃ ត្រូវបានបញ្ជូនមកកាន់ផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោកថា ស្ត្រីសង្ស័យបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមធ្វើការបង់ពិន័យអន្តរការណ៍តាមច្បាប់ សមត្ថកិច្ចក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការខេត្ត បានសម្រេចធ្វើការអប់រំ ណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការទិញ លក់ សត្វព្រៃតទៅទៀត ព្រមទាំងបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយដែរ។ ចំណែក សត្វព្រៃរស់ ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅសង្គ្រោះនៅតំបន់ដែលមានសុវត្ថិភាពនោះហើយ៕ដោយ៖ឡុង សំបូរ