មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បញ្ជាកម្លាំងស្នាក់ការជីអោក ស្ទាក់ចាប់រថយន្តដឹកជញ្ជូនផល-អនុផលព្រៃឈើពីរគ្រឿង នៅជិតព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ

0

ខេត្តព្រះវិហារ៖ រថយន្តស៊េរីទំនើបពីរគ្រឿង ដែលដឹកផលិតផលពាក់កណ្តាលសម្រេច និងគ្រឿងសង្ហារឹមល្មើសច្បាប់ បានរងការបង្ក្រាបពីកម្លាំងស្នាក់ការអាវុធហត្ថជីអោក ក្រោមកិច្ចសហការជាមួយ កម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃបឹងពែ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការបង្ក្រាបរថយន្តប្រភេទធុនត្រា ដឹកក្តាមឈូសដែលជាផលិតផលពាក់កណ្តាលសម្រេច និងគ្រឿងសង្ការឹមទាំងពីរគ្រឿង ដោយគ្មានលិខិតអនុញ្ញាតនោះ កម្លាំងអាវុធហត្ថមូលដ្ឋាន បានធ្វើឡើងក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា រថយន្តទាំងពីរគ្រឿងដែលរងការបង្ក្រាបក្នុងពេលនេះ ជាប្រភេទធុនត្រា ១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-1271 ដឹកក្តាមឈូសមិនទាន់បាញ់ថ្នាំ និង ១គ្រឿងទៀត ពណ៌ស្ក ពាក់ស្លាកលេខ 2BL-5981 រថយន្តស៊េរីទំនើបទាំងពីរគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ក្តាមឈូស និងគ្រឿងសង្ការឹម) ចេញពីដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ ដោយឆ្លងកាត់ដែនសមត្ថកិច្ចជាច្រើនស្ថាប័ន មានរយៈពេលយូរឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាបង្ក្រាបនោះទេ ហើយក្រុមរថយន្តនេះមាន ៣គ្រឿង និងពេលនេះត្រូវបានបង្ក្រាបពីរគ្រឿង នៅសល់ ១គ្រឿងទៀត ដែលមិនទាន់ត្រូវបានបង្ក្រាបនៅឡើយ។

ក្រោយការបង្ក្រាប រថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ប្រគល់ទៅឲ្យកម្លាំងឧទ្យានុរក្ស នៃស្នាក់ការដែនជម្រកសត្វព្រៃបឹងពែ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ