សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រារព្ធពិធីចម្រើនព្រះជន្មសម្តេចម៉ែ ៨៧ព្រះវស្សា យាងចូល៨៨ ព្រះវស្សា

0

(ប៉ៃលិន)៖ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិ​យស​កាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៧ព្រះវស្សា យាងចូល ៨៨ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យ​ទានព្រះសង្ឃ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ត្រូវបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិ​យស​សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកា ប្រធាន អនុប្រធានសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមខេត្ត និងមានការចូលរួមពី លោក លោកស្រី តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត យុវជនស.ស.យ.កខេត្ត យុវជនកាយរិទ្ធ ជាច្រើននាក់។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តនោះរួចមក ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ បានអានសារថ្វាយព្រះពរ ដោយមានខ្លឹមសារថា ទួលបង្គំខ្ញុំក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៅក្នុងសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក ក្រុង មានសេចក្តីសោមស្សរីករាយ ក្នុងឱកាសដ៏សែនថ្លៃថ្លាបំផុត នៃទិវាប្រារព្ធពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងពេលនេះ។

ក្នុងទិវាដ៏ឧត្តុង្គឧត្តម និងមហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរបរវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រនិងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រត្រីយានីខ្មែរគ្រប់ព្រះអង្គ និងព្រះបរមរតនកោដ្ឋ សូមជួយប្រោសប្រសិទ្ធិពរ បីបាច់និងអភិបាលរក្សាព្រះអង្គជាទីគោរពសក្ការៈ សូមឱ្យព្រះអង្គមានព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់បំពេញព្រះរាជកិច្ច ក្នុងព្រះនាមជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាមព្រះវររាជមាតា នៃប្រជារាស្ត្រខ្មែរ ជានិរន្តរ៍តរៀងទៅ។

នៅក្នុងពិធីនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានប្រគេនទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត  ដល់ព្រះសង្ឃនៅក្នុងវត្តរតនសោភ័ណ្ឌ (ហៅ វត្តកោងកាង)ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន