កំពង់ឆ្នាំង៖ ផ្លូវលំគ្រួសក្រហមជាច្រើនកន្លែង ត្រូវបានទឹកហូរផ្តាច់ក្លាយជាជង្ហុគធំៗ ដែល មកដល់ពេលនេះ មិនទាន់មានការជួសជុលនៅឡើយទេ ធ្វើអោយប្រជាពលរដ្ឋមាន ការ
លំបាកក្នុងការធ្វើដំណើរទៅមកនិងអាចបង្កគ្រោះថ្នាក់នៅពេលយប់។ផ្លូវដែលរងការខូចខាតទាំងនោះស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤នេះ អ្នកយកព័ត៌មានយើងបានបានចុះទៅថតផ្តិតយករូបភាពនៅចំណុចខាងលើ ដោយពិនិត្យឃើញមានជង្ហុគធំៗពី៥ទៅ៦កន្លែង ហើយជង្ហុគនីមួយៗ ត្រូវទឹកហូរបាក់ដាច់អស់ជាងពាក់កណ្តាលទៅហើយ។រីឯស្ពានថ្មចាស់២កន្លែងទៀតក៍មិនត្រូវបានគេជួសជុលធ្វើថ្មីនៅឡើយដែរ ស្ពាននោះមានមិនបានមួយចំហៀងផ្លូវលំទាំងនោះផងទេ ដែលជាហេតុធ្វើអោយ
លោក នូ ខៀន មេឃុំស្រែថ្មី ធ្លាប់បាននិយាយប្រាប់អ្នកយកព័ត៌មានយើងអោយដឹងកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤កន្លងមកថា៖ផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងភូមិព្រៃមាន់នេះ ជាគំរោងជួយកសាងដោយកងវិស្វកម្មអគ្គបញ្ជាការ នៅក្នុងកិច្ចសន្យានៃគំរោងនេះ ក្រោយពីកសាងផ្លូវនេះរួច កងវិស្វកម្មបានធានាថែទាំ នឹងជួយជួសជុលបន្តរយៈពេល៦ខែទៀត។ការខូចខាតខាងលើនេះ លោកនិងមន្ត្រីមន្ទីរសាធារណៈការខេត្តបានចុះត្រួតពិនិត្យនិងបានធ្វើរបាយការណ៍បូកសរុបអំពីការខូចខាតផ្លូវលំខាងលើជូនលោកអភិបាលខេត្ត និងអង្គភាពកងវិស្វកម្មអគ្គបញ្ជាការរួចហើយ ដែលនៅក្នុងរបាយការណ៍នោះគឺត្រូវធ្វើការដាក់លូចំនួន២៣កន្លែង និងជួសជុលស្ពានថ្មចាស់២កន្លែងទៀត។
ប៉ុន្តែមកដល់ថ្ងៃនេះគឺមានរយៈពេលជាង៣ខែហើយ គេមិនទាន់ឃើញមានការជួសជុលផ្លូវ និងដាក់លូ ឬសាងសង់ស្ពានថ្មីជូនប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ផ្លូវនៅឡើយទេ ខណៈជង្ហុគធំៗមួយចំនួនត្រូវបានទឹកហូរផ្តាច់កាន់តែធំ និងមានជំរៅជ្រៅឡើងៗ។
ប្រជាពលរដ្ឋនៅក្នុងឃុំស្រែថ្មីដែលជាអ្នកប្រើប្រាស់ផ្លូវនេះ បានសំណូមពរដល់លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរសាធារណៈការខេត្តជាថ្មីម្តងទៀត មេត្តាជួយជួសជុលស្ពាន,ជង្ហុគនិងដាក់លូតាមគំរោងខាងលើទាំងអស់ក្នុងចំណុចនេះ អោយបានឆាប់ៗផង។ បើសិនជាជាការជួសជុលនៅតែមានការយឺតយ៉ាវនៅក្នុងរដូវភ្លៀងនេះ ទឹកភ្លៀងនឹងហូរច្រោះផ្តាច់ផ្លូវទាំងនេះអោយខូចអស់មិនខានឡើយ។ម្យ៉ាងទៀតក៏និងអាចកើតមានគ្រោះថ្នាក់ហេតុដល់អ្នកប្រើប្រាស់ផ្លូវថ្ងៃណាមួយជាក់ជាមិនខាន៕