ខេត្តស្ទឹងត្រែង:នៅក្នុងឆ្នាំ២០១៤នេះ គ្រឿងញៀនចំនួន១៥ករណីតូចធំត្រូវបានបង្ក្រាបជាបន្តបន្ទាប់ដោយកំលាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពេលនេះជនសង្ស័យចំនួន៤នាក់ ទៀតហើយ ពាក់ព័ន្ធនិងករណីប្រើប្រាស់និងចែកចាយគ្រឿងញៀននិងប្រើអាវុធគ្មានខុសច្បាប់ត្រូវបានឃាត់ខ្លួន។ ជនសង្ស័យទាំង៤នាក់បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀល ថ្ងៃសៅរ៍ទី០៤ខែតុលាឆ្នាំ២០១៤ នៅត្រង់ចំនុចភូមិព្រែកសង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើទីមួយមានឈ្មោះ គិប រ៉ាវីភេទប្រុសអាយុ២៦ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិ ឈើក្រមសង្កាត់ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ទី២ឈ្មោះ នូ សុកាន់ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ទី៣ឈ្មោះ កែវ ឧត្តម ភេទប្រុសអាយុ២០ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង នឹងទី៤ឈ្មោះណូ គឹមឡេង ភេទប្រុសអាយុ២០ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង។
លោកមេបញ្ជាការបានបន្តអោយដឹងទៀតថា ក្នុងចំណោមជនសង្ស័យទាំង៤នាក់ មានម្នាក់ជាអ្នកចែកចាយយ៉ាងសកម្មមានទាំងជញ្ជីងថ្លឹងទៀតផង។ដោយឡែក៣នាក់ជាអ្នកទិញមកប្រើប្រាស់ ខណអ្នកចែកចាយ និងអ្នកប្រើប្រាស់កំពុងធ្វើសកម្មភាព ភ្លាមនោះលោកបានសុំឆ្លងយោបល់ ពីលោកព្រះរាជអាជ្ញា បន្ទាប់មកទើបលោកដឹកនាំកម្លាំងដោយផ្ទាល់ ចុះឡោមព័ទ្ធឆែកឆេរចំនួន៣ទីតាំងនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ជាបន្តបន្ទាប់រួមនិងឧបករណ៍ប្រើប្រាស់ខុសច្បាប់ជាច្រើនទៀត។
លោកបន្តថានៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតថ្នាំញៀនមេតំហ្វេតាមីនប្រភេទម្សៅពណ៏សមេតំហ្វេតាមីនម៉ាទឹកកក(ICE)ទម្ងន់០.៣៥ក្រាមកាំភ្លើងខ្លីម៉ាកប្រាក់ហា១ដើមរួមនឹងគ្រាប់ចំនួន៥គ្រាប់ព្រមទាំងគ្រាប់កាំភ្លើងK54 ចំនូន១១គ្រាប់ កាំភ្លើងខ្យល់១ដើម ខ្សែរក១ខ្សែ ខ្សែដៃ១ខ្សែរ ចិញ្ចៀន៤វង់ម៉ូតូ២គ្រឿងលុយដុល្លា៣០៤ដុល្លាលុយខ្មែរ៩៩ម៉ឺន២ពាន់ពីរយរៀលនឹងទូរស័ព្ទដៃចំនួន១០គ្រឿង នាំខ្លួនមកទីបញ្ជាការកងរាជអាវុធហត្ថធ្វើការសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តក្នុងករណីខាងលើនោះ ថ្នាំញៀនរួមវត្ថុតាំងអាវុធដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងគ្រឿងញៀន អាវុធនិងសម្ភារៈជាច្រើនទៀតត្រូវបានសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរៀបចំឯកសារពាក់ព័ន្ធ ក្នុងនិងករណីគ្រឿងញៀនកសាងសុំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនិតិវិធី៕